អ្នកឃ្លាំមើលសង្គ្រាមបានរាយការណ៍ថា អ្នកទោសរដ្ឋអ៊ីស្លាម (IS) បានធ្វើកុប្បកម្មនៅក្នុងពន្ធនាគារដែលគ្រប់គ្រងដោយកម្លាំងប្រជាធិបតេយ្យស៊ីរីដឹកនាំដោយជនជាតិឃឺដ (SDF) ក្នុងខេត្ត Hasakah នៅភាគឦសាននៃប្រទេសស៊ីរីនៅថ្ងៃចន្ទ ដើមសប្តាហ៍នេះ។
អ្នកឃ្លាំមើលសិទ្ធិមនុស្សស៊ីរីបាននិយាយថា ក្រុមអ្នកទោស IS បានធ្វើកុប្បកម្មនៅក្នុងពន្ធនាគារ Ghweiran នៅក្នុងខេត្ត Hasakah។ អ្នកទោសទាំងនោះទាមទារឱ្យមានការជំនុំជម្រះក្តីដោយយុត្តិធម៌ និងអនុញ្ញាតឱ្យក្រុមគ្រួសាររបស់ពួកគេទៅសួរសុខទុក្ខ ។
ក្រុមអ្នកឃ្លាំមើលដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសបាននិយាយថា សមាជិក IS បានព្យាយាមបំផ្លាញជញ្ជាំង និងរបងពន្ធនាគារ និងមានការបញ្ជាក់ថាមានអ្នកទោសស្លាប់ និងរងរបួស។ ក្រោយពីមានហេតុការណ៍កុប្បកម្មនេះ ឧទ្ធម្ភាគចក្ររបស់កងកម្លាំងចម្រុះប្រឆាំងភេរវកម្មដឹកនាំដោយសហរដ្ឋអាមេរិកបានហោះនៅកម្ពស់ទាបនៅរដ្ឋធានី Hasakah ។
នៅថ្ងៃទី៣ ខែឧសភា អ្នកទោស IS បានធ្វើកុបកម្មស្រដៀងគ្នា និងបានបញ្ចប់ទៅវិញ ក្រោយពីមានការចរចាអស់រយៈពេលជាច្រើនម៉ោងរវាងអ្នកទោស និងក្រុម SDF ដែល
គាំទ្រដោយសហរដ្ឋអាមេរិក។ ក្រុម SDF ដំណើរការពន្ធនាគារក្នុងតំបន់ដែលពួកគេគ្រប់គ្រងនៅភាគឦសាននៃប្រទេសស៊ីរី ដែលនៅក្នុងពន្ធនាគារនោះមានសមាជិក IS ប្រហែល ១ម៉ឺននាក់កំពុងជាប់នៅក្នុងពន្ធនាគារ ហើយអ្នកជាប់ឃុំចំនួន២០០០នាក់ជាជនបរទេស។
សារព័ត៌មាន North Press Agency ដែលជាប្រព័ន្ធផ្សព្វផ្សាយមួយដំណើរការនៅក្នុងតំបន់ឃឺដនៅភាគឦសាននៃប្រទេសស៊ីរីបានចុះផ្សាយថា សមាជិក SDFចំនួនរាប់សិបនាក់បានទៅដល់តំបន់ក្បែរពន្ធនាគារនៅរដ្ឋធានី Hasakah។ ប្រភពបន្ថែមទៀតថា ក្រុម SDF បានបិទផ្លូវដែលសម្រាប់ធ្វើដំណើរទៅដល់ពន្ធនាគារ៕
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ផ្សាយថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០









