សេវាកម្មសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) និយាយនៅថ្ងៃអង្គារថា ពួកគេបានឃុំខ្លួនពលរដ្ឋរុស្ស៊ីម្នាក់ដោយសង្ស័យថាបានរៀបចំផែនការវាយប្រហារភេរវកម្មនៅភាគខាងជើងតំបន់ Caucasus។
សេចក្តីថ្លែងការណ៍របស់ FSB បញ្ជាក់ថា អ្នកជាប់ឃុំ ជាជនជាតិរុស្ស៊ី កើតនៅឆ្នាំ១៩៩០ ជាប់សង្ស័យពីបទរៀបចំផែនការដើម្បីបំផ្ទុះគ្រឿងផ្ទុះនៅក្បែរអគាររដ្ឋបាលមួយក្នុងទីក្រុង Vladikavkaz ដែលជារដ្ឋធានីនៃសាធារណៈរដ្ឋ Ossetia-Alania ខាងជើង។
ប្រភពព័ត៌មានក៏បញ្ជាក់ឱ្យដឹងផងដែរថា ជនសង្ស័យគ្រោងនឹងធ្វើដំណើរទៅកាន់ប្រទេសមជ្ឈឹមបូព៌ាដើម្បីចូលរួមជាមួយអង្គភាពភេរវកររដ្ឋអ៊ីស្លាម ក្រោយពីធ្វើការវាយប្រហារនោះរួច។ សមាសធាតុផ្សំសម្រាប់ផលិតគ្រឿងផ្ទុះត្រូវបានរឹបអូស រួមជាមួយនឹងឧបករណ៍ទំនាក់ទំនង ដែលមានការឆ្លើយឆ្លងរបស់ជនសង្ស័យជាមួយសមាជិក IS នៅបរទេស។
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ផ្សាយថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០









