អ្នកនាំពាក្យរដ្ឋបាលខេត្តលោក Abdul Marouf Azar មានប្រសាសន៍នៅថ្ងៃអង្គារថា កងកម្លាំងអាហ្វហ្គានីស្ថានបានសម្លាប់សមាជិកក្រុមបះបោរចំនួន ៤៨នាក់ ដោយនៅក្នុងនោះមានមេបញ្ជាការតាលីបង់ចំនួន២នាក់។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃចន្ទ ដើមសប្តាហ៍នេះ នៅភាគខាងជើងខេត្ត Jawzjan ។
យោងតាមការបញ្ជាក់ពីមន្ត្រីបានឱ្យដឹងថា ការប៉ះទង្គិចគ្នាបានផ្ទុះឡើង ក្រោយពីក្រុមបះបោរតាលីបង់បានវាយលុកទៅលើប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខនៅក្នុងភូមិ Denar នៃស្រុក Qarqin នៅរសៀលថ្ងៃចន្ទ ហើយកងកម្លាំងរដ្ឋាភិបាល រួមទាំងកងកម្លាំងទ័ព និងប៉ូលិសបានធ្វើការបង្ក្រាប ដែលបានបង្ខំឲ្យក្រុមបះបោររត់គេចខ្លួន ក្រោយពីសមាជិករបស់ក្រុមបះបោរចំនួន ៣៥នាក់ស្លាប់ ដោយក្នុងចំនួនអ្នកស្លាប់នោះមានមេបញ្ជាការតាលីបង់ចំនួនពីរនាក់គឺលោក Mullah Usman និងលោក Mullah Majid ។
ប្រភពដដែលអះអាងថា សមាជិកសកម្មប្រយុទ្ធសរុបចំនួន២៥នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការប្រយុទ្ធគ្នានោះ។ បុគ្គលិកសន្តិសុខចំនួន ២នាក់ត្រូវបានសម្លាប់ និងចំនួន៣ នាក់ផ្សេងទៀតបានរងរបួសក្នុងការប៉ះទង្គិចនោះផងដែរ។
គួរបញ្ជាក់ផងដែរថា មានការអះអាងថា សកម្មប្រយុទ្ធចំនួន១៣នាក់ស្លាប់ និងចំនួន១៧ នាក់ផ្សេងទៀតបានរងរបួសនៅពេលដែលយន្តហោះប្រយុទ្ធរបស់អាហ្វហ្គានីស្ថានវាយប្រហារលើកន្លែងលាក់ខ្លួនរបស់ក្រុមតាលីបង់នៅជិតស្រុក Kham Ab នៃខេត្ត Jawzjan នៅយប់ថ្ងៃច័ន្ទ។
គិតមកដល់ពេលនេះ ក្រុមតាលីបង់មិនទាន់ធ្វើការអត្ថាធិប្បាយចំពោះហេតុការណ៍នេះនៅឡើយទេ៕
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ផ្សាយថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០









