ទូរទស្សន៍ Al-Masirah គ្រប់គ្រងដោយឧទ្ទាម Houthi បានរាយការណ៍ថា កងកម្លាំងចម្រុះដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីតនៅថ្ងៃពុធម្សិលមិញនេះ បានបើកការវាយប្រហារតាមអាកាសជាបន្តបន្ទាប់ទៅលើរដ្ឋធានី Sanaa ក្នុងប្រទេសយេម៉ែន។ រដ្ឋធានី Sanaa ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ចលនា Houthi ។
អ្នកស្រុកនិយាយថា ការវាយប្រហារតាមអាកាសបានកំណត់គោលដៅលើអាកាសយានដ្ឋាន Sanaa នៅភាគខាងជើងនៃរដ្ឋធានី និងនៅទីតាំងយោធានៅលើភ្នំ Nuqom និងតំបន់ al-Sawad រួមទាំងនៅភាគខាងត្បូងរដ្ឋធានី Sanaa ។
ពុំមានរបាយការណ៍ស្តីពីការស្លាប់ និងរបួស ពីការវាយប្រហារនេះ ហើយកងកម្លាំងចម្រុះមិនទាន់បានធ្វើអត្ថាធិប្បាយអំពីការវាយប្រហាររបស់ខ្លួននោះទេ។ នេះជាការវាយប្រហារលើកទី២ របស់កងកម្លាំងចម្រុះទៅលើទីតាំងចលនា Houthi នៅរដ្ឋធានី Sanaa ក្នុងរយៈពេល ២សប្តាហ៍កន្លងមកនេះ។
គួររំលឹកផងដែរថា ប្រទេសយេម៉ែនបានធ្លាក់ក្នុងសង្គ្រាមស៊ីវិលចាប់ពីចុងឆ្នាំ២០១៤ នៅពេលដែលក្រុមឧទ្ទាម Houthi គាំទ្រដោយអ៊ីរ៉ង់ដណ្តើមបានការកាន់កាប់តំបន់ជាច្រើននៅភាគខាងជើងប្រទេស និងបានបង្ខំឱ្យរដ្ឋាភិបាលដែលគាំទ្រដោយប្រធានាធិបតីអារ៉ាប៊ីសាអូឌីតលោក Abd-Rabbu Mansour Hadi ចេញពីរដ្ឋធានី Sanaa ។ កងកម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីតបានធ្វើអន្តរាគមន៍ក្នុងជម្លោះប្រទេសយេម៉ែននៅដើមឆ្នាំ២០១៥ ដើម្បីគាំទ្ររដ្ឋាភិបាលលោក Hadi។
សង្គ្រាមរយៈពេល ៥ឆ្នាំរបស់ប្រទេសយេម៉ែនបានសម្លាប់ជនស៊ីវិលចំនួនរាប់ពាន់នាក់ និងមានស៊ីវិលផ្លាស់ទីលំនៅចំនួន ៣លាននាក់ និងបានបណ្តាលឲ្យពលរដ្ឋច្រើនជាង២០លាននាក់ឲ្យធ្លាក់ក្នុងស្ថានភាពអត់ឃ្លាន៕
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ផ្សាយថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០









