ករណីផ្ទុះគ្រាប់បែកនៅតាមដងផ្លូវបានកើតឡើងនៅខេត្ត Salahudin ក្នុងប្រទេសអ៊ីរ៉ាក់ នៅភាគខាងជើងនៃរដ្ឋធានីបាដាដ។ ហេតុការណ៍នេះបានសម្លាប់សមាជិកកងកម្លាំងចល័ត Hashd Shaabi ចំនួន ៤នាក់។
ប្រភពព័ត៌មានពីប៉ូលិសខេត្តបានឱ្យដឹងថា សមាជិកកងកម្លាំងចល័ត Hashd Shaabi សរុបចំនួន៤នាក់ត្រូវបានសម្លាប់នៅថ្ងៃអង្គារ ដើមសប្តាហ៍នេះ ក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកលើដងផ្លូវនៅខេត្ត Salahudin ប្រទេសអ៊ីរ៉ាក់ នៅភាគខាងជើងនៃរដ្ឋធានីបាដាដ។
លោក Mohammed al-Bazi ប្រាប់ភ្នាក់ងារព័ត៌មានថា៖ “ឧប្បត្តិហេតុនេះបានកើតឡើងនៅពេលគ្រាប់បែកបង្កប់តាមដងផ្លូវផ្ទុះឡើង និងបានវាយប្រហាររថយន្តរបស់ក្រុម Hashd Shaabi ខណៈដែលពួកគេកំពុងធ្វើការល្បាតនៅក្នុងភូមិមួយក្បែរទីរួមខេត្ត Tikrit ដែលមានចម្ងាយប្រហែល ១៧០គីឡូម៉ែត្រពីខាងជើងក្រុងបាកដាដ។
លោក al-Bazi បន្តថា ការផ្ទុះនេះបានបណ្តាលឲ្យសមាជិក Hashd Shaabi ៤ នាក់ស្លាប់និង២នាក់ផ្សេងទៀតរងរបួស ហើយចំណែកឯរថយន្តរបស់ពួកគេរងការខូចខាតទាំងស្រុង។កម្លាំងពង្រឹងសន្តិសុខបានទៅដល់កន្លែងកើតហេតុ និងបើកការស៊ើបអង្កេតលើឧប្បត្តិហេតុនេះ។
ឧប្បត្តិហេតុនេះបានកើតឡើងខណៈដែលក្រុមសកម្មប្រយុទ្ធ IS ជ្រុលនិយមបានបង្កើនការវាយប្រហាររបស់ពួកគេលើកងកម្លាំងសន្តិសុខ ដែលរួមមា កងកម្លាំង Hashd Shaabi និងជនស៊ីវិល នៅក្នុងខេត្ត Sunni ដែលជាលទ្ធផលបានសម្លាប់ និងបង្ករបួសដល់ពលរដ្ឋចំនួនរាប់សិបនាក់។ ខេត្ត Sunni ស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋអ៊ីស្លាម (IS) ។
គួរបញ្ជាក់ផងដែរថា ស្ថានភាពសន្តិសុខនៅក្នុងប្រទេសអ៊ីរ៉ាក់មានភាពប្រសើរឡើងចាប់តាំងពីកងកម្លាំងសន្តិសុខអ៊ីរ៉ាក់បានកម្ចាត់ក្រុមសកម្មប្រយុទ្ធ IS នៅទូទាំងប្រទេសនៅចុងឆ្នាំ២០១៧ ។ បើទោះជាយ៉ាងនេះក្តី សមាជិក IS ដែលនៅសេសសល់បានលាក់ខ្លួននៅតំបន់ទីក្រុង ឬវាលខ្សាច់ និងតំបន់រឹងមាំផ្សេងទៀត ហើយថែមទាំងបានការធ្វើវាយប្រហារឆ្មក់ជាញឹកញាប់ប្រឆាំងនឹងកម្លាំងសន្តិសុខ និងជនស៊ីវិល៕
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ផ្សាយថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០









