ក្រសួងមហាផ្ទៃអេហ្ស៊ីបនិយាយនៅថ្ងៃអង្គារថា សមាជិកក្រុមសកម្មប្រយុទ្ធដែលមានគ្រោះថ្នាក់ខ្លាំងបំផុតចំនួន២នាក់ត្រូវប៉ូលិសអេហ្ស៊ីបសម្លាប់នៅតំបន់ Galbana ក្នុងខេត្ត Sinai ខាងជើង។ក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងមហាផ្ទៃមានសេចក្តីថា៖
“ភេរវករចំនួន២នាក់បានព្យាយាមប្រមូលព័ត៌មានអំពីប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខនៅក្នុងតំបន់ Galbana នៅខេត្ត Sinai ខាងជើង។
ប្រភពដដែលបន្តឱ្យដឹងថាភេរវករទាំងនោះបើកការបាញ់ប្រហារទៅលើប៉ូលិស នៅពេលដែលប៉ូលិសបានចូលទៅជិតពួកគេ ហើយពួកគេថែមទាំងប្រើប្រាស់កាំភ្លើងស្វ័យប្រវត្តិចំនួន ២ដើម ហើយក្រោយមកមានគ្រាប់ និងអាវុធមួយដើមត្រូវបានរឹបអូសជាមួយនឹងការចាប់ខ្លួនក្រុមសកម្មប្រយុទ្ធដែលនៅសល់” ក្រសួងបញ្ជាក់ថា ក្រុមភេរវករបានសង្កេតមើលលើតំបន់នេះដើម្បីត្រៀមធ្វើការវាយប្រហារប្រឆាំងនឹងកងកម្លាំងទ័ព និងកងកម្លាំងប៉ូលិសនៅថ្ងៃនៅថ្ងៃទី ៣០ខែមិថុនាដែលនោះជាថ្ងៃគម្រប់ខួប៧ឆ្នាំនៃការបះបោរបណ្តេញអតីតប្រធានាធិបតីអ៊ីស្លាមនិយមលោក Mohamed Morsi ។
គួររំលឹកផងដែរថា ចាប់តាំងពីឆ្នាំ២០១៣ ប្រទេសអេហ្ស៊ីបរងការញាំញីពីការវាយប្រហារភេរវកម្មដែលភាគច្រើនត្រូវបានអះអាងដោយសាខាមួយរបស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមនៅភាគខាងជើងខេត្ត Sinai។ ជាការឆ្លើយតប ប្រទេសអេហ្ស៊ីបធ្លាប់បានអនុវត្តប្រតិបត្តិការបង្ក្រាបមួយចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០១៨ ដើម្បីលុបបំបាត់អំពើភេរវកម្មនៅភាគខាងជើងខេត្តSinai ដោយបានសម្លាប់សកម្មប្រយុទ្ធយ៉ាងតិចចំនួន ១ ០០០នាក់៕
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ផ្សាយថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០









