កងកម្លាំងប្រដាប់អាវុធរបស់កោះតៃវ៉ាន់បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅលើឆ្នេរខាងលិចរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍។ សមយុទ្ធនេះបានធ្វើឡើងមុនការធ្វើសមយុទ្ធប្រចាំឆ្នាំសំខាន់ៗដែលនឹងប្រព្រឹត្តទៅនៅចុងខែនេះ។
ក្រសួងការពារជាតិបាននិយាយថាសមយុទ្ធនេះនៅក្នុងតំបន់ឆ្នេរមួយដែលកំពុងប្រឈមនឹងច្រកសមុទ្រតៃវ៉ាន់ដ៏រសើបដែលប៉ុនប៉ងចុះចតដោយកងកម្លាំងសត្រូវនោះ។ យន្តហោះចម្បាំងទំនើបបំផុតរបស់តៃវ៉ាន់ប្រភេទ F-16V បូករួមទាំងឧទ្ធម្ភាគចក្រវាយប្រហារ រថក្រោះ និងកាំភ្លើងធំដែលបាញ់ផ្ទាល់ត្រូវបានចូលរួមក្នុងសមយុទ្ធយោធានេះផងដែរ។
យោធាបាននិយាយថាសមយុទ្ធនេះមានគោលបំណងដើម្បីបង្កើនប្រសិទ្ធភាពរបស់យោធានៅ “ការបំផ្លិចបំផ្លាញសត្រូវនៅលើឆ្នេរសមុទ្រ” និងដើម្បី “យកឈ្នះនៅតាមបណ្តោយឆ្នេរសមុទ្រ” ដើម្បីបញ្ឈប់ការឈ្លានពានរបស់សត្រូវ។
ក្នុងប៉ុន្មានខែថ្មីៗនេះតៃវ៉ាន់បានត្អូញត្អែរពីការល្បាតរបស់កងទ័ពអាកាសចិនម្តងហើយម្តងទៀតនៅជិតកោះនេះ។ ប្រធានាធិបតី Tsai Ing-wen បានបង្កើនការការពារប្រទេសជាអាទិភាពចាប់តាំងពីលោកស្រីបានឡើងកាន់តំណែងដំបូងនៅឆ្នាំ ២០១៦ ៕
សម្រួល៖ សុផា
ប្រភព RT ចុះផ្សាយថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២០