កងកម្លាំងទ័ពអាកាសអាហ្វហ្គានីស្ថានវាយប្រហារកំណត់គោលដៅលើក្រុមសកម្មប្រយុទ្ធលីបង់នៅភាគខាងកើតខេត្ត Ghazni។ ការវាយប្រហារនោះសម្លាប់សមាជិកតាលីបង់ចំនួន ១៥នាក់។
នៅសេចក្តីថ្លែងការណ៍មួយរបស់កងទ័ពចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ម្សិលនេះថា សមាជិកក្រុមសកម្មប្រយុទ្ធតាលីបង់សរុបចំនួន១៥នាក់ ដោយនៅក្នុងនោះមានរួមទាំងយុទ្ធជនបរទេសចំនួន៧នាក់ត្រូវបានគេអះអាងថាស្លាប់ក្នុងការវាយប្រហាររបស់កងកម្លាំងទ័ពអាកាសអាហ្វហ្គានីស្ថាន ដែលបានកំណត់គោលដៅទៅលើកន្លែងលាក់ខ្លួនរបស់ក្រុមសកម្មប្រយុទ្ធតាលីបង់នៅភាគខាងកើតខេត្ត Ghazni ។
យោងតាមសេចក្តីថ្លែងការណ៍បានបញ្ជាក់ឱ្យដឹងថា មុនពេលមានការវាយប្រហារពីកម្លាំងទ័ពអាកាស ក្រុមសកម្មប្រយុទ្ធបានបើកការវាយប្រហារទៅលើតំបន់ Ashaqwal និង Nugahi នៅជាយក្រុង Ghazni នៅរសៀលថ្ងៃពុធ។
ជាការឆ្លើយតបទៅនឹងការវាយប្រហារនេះ កងកម្លាំងទ័ពអាកាសអាហ្វហ្គានីបានធ្វើការសឹកដោយបានសម្លាប់សមាជិកក្រុមបះបោរចំនួន ១៥នាក់ក្នុងនោះមានជនជាតិបរទេសចំនួន ៧នាក់ ហើយការវាយប្រហារនោះបានបង្ខំឲ្យសមាជិកក្រុមសកម្មប្រយុទ្ធរត់គេចខ្លួន។
ក្រុមសកម្មប្រយុទ្ធតាលីបង់ ដែលមានសកម្មភាពនៅតំបន់ខ្លះក្នុងខេត្ត Ghazni មិនទាន់ធ្វើការអត្ថាធិប្បាយទេ។
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន XINHUA ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០