ហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតមួយបានកើតឡើងក្នុងរដ្ឋធានីនៃប្រទេសសូម៉ាលីនៅព្រឹកព្រលឹមថ្ងៃសៅរ៍ សប្តាហ៍មុន បណ្តាលឲ្យមនុស្សចំនួន៧នាក់រងរបួស។
បុគ្គលិកជំនួយវេជ្ជសាស្ត្រនិយាយថា យ៉ាងហោចណាស់មនុស្សចំនួន៧នាក់រងរបួស ក្រោយពីមានហេតុការណ៍បំផ្ទុះគ្រាប់បែកអតុ្តឃាតដ៏ធំមួយកើតឡើងនៅក្នុងរដ្ឋធានីនៃប្រទេសសូម៉ាលី។
ប៉ូលិសមិនទាន់បានបញ្ជាក់ពីចំនួនអ្នកស្លាប់ និងរបួសនៅឡើយទេ ដោយបន្ថែមឲ្យដឹងថា អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់បានព្យាយាមបើករថយន្តដែលមានផ្ទុកគ្រឿងផ្ទុះឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យមួយនៅមុខទីស្នាក់ការហិរញ្ញវិត្ថុក្នុងរដ្ឋធានី Mogadishu ប៉ុន្តែកងកម្លាំងសន្តិសុខបានបើកការបាញ់រះទៅលើរថយន្ត និងសម្លាប់ជនបំផ្ទុះគ្រាប់បែក។មន្ត្រីប៉ូលិសនៅកន្លែងកើតហេតុដែលសុំមិនបញ្ចេញឈ្មោះបញ្ជាក់ថា៖“ ក្រោយមកទៀតរថយន្តនោះបានផ្ទុះ ដែលបណ្តាលអោយមានមនុស្សស្លាប់ និងរបួស” ។
អ្នកនាំពាក្យរដ្ឋាភិបាលនៃប្រទេសសូម៉ាលីលោក Ismael Mukhtar Omar មានប្រសាសន៍ថា មានតែអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតប៉ុណ្ណោះដែលបានស្លាប់នៅក្នុងហេតុការណ៍ផ្ទុះ។
សាក្សីម្នាក់ឈ្មោះ Halima Abdi បញ្ជាក់ឲ្យដឹងថា គាត់បានលឺសម្លេងផ្ទុះយ៉ាងខ្លាំង និងបានឃើញផ្សែងខ្មៅហុយចេញពីទីតាំងកើតហេតុ។
យ៉ាងណាមិញ ពុំទាន់មានការអះអាងទទួលខុសត្រូវភ្លាមៗចំពោះការវាយប្រហា ក៏ប៉ុន្តែ មានក្រុមសកម្មប្រយុទ្ធ al-Shabab ធ្លាប់បានធ្វើការវាយប្រហារបែបនេះជាច្រើននៅក្នុងទីក្រុងនោះ។
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភព Xinhua ផ្សាយថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០









