យោធារបស់ប្រទេសនីហ្សេរីយ៉ាដែលកំពុងធ្វើប្រតិបត្តិការនៅតំបន់ភាគឥសានបានសម្លាប់សមាជិកក្រុមសកម្មប្រយុទ្ធ Boko Haram ជាច្រើននាក់នៅក្នុងប្រតិបត្តិការវាយប្រហារតាមអាកាសនៅតំបន់ Mina ដែលស្ថិតតាមបណ្តោយព្រំដែនតំបន់ Gulumba Gana-Kumshe នៃរដ្ឋ Borno។
អ្នកនាំពាក្យក្រសួងការពារជាតិប្រទេសនីហ្សេរីយ៉ាលោក John Enenche មានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍ថា ការវាយឆ្មក់តាមអាកាសថែមទាំងបានបំផ្លាញសម្ភារៈរបស់ភេរវករនៅទីតាំងនោះ។ លោកបន្តថា បេសកកម្មអន្តរាគមន៍តាមដែនអាកាសធ្វើឡើងក្រោមប្រតិបត្តិការ Operation Long Reach II នៅថ្ងៃសុក្របានបង្កើតស្ថានភាពអស្ថិរភាពដល់ថ្នាក់ដឹកនាំថ្មីរបស់ភេរវករ ហើយថែមទាំងបានកាត់បន្ថយសេរីភាពនៃសកម្មភាពរបស់ពួកគេ។
លោកបន្ថែមថា ប្រតិបត្តិការនេះគឺជារបាយការណ៍ចារកម្មបន្ត ដែលបង្ហាញថាទីតាំងរបស់ក្រុមភេរវករថ្មីៗនេះមានសមាជិកយុទ្ធជន និងគ្រឿងភស្តុភារដើម្បីប្រយុទ្ធតតាំងជាមួយនឹងទីតាំងកងទ័ព។ អ្នកនាំពាក្យការពារជាតិរូបនោះបានជម្រុញឱ្យកងទ័ពបង្កើនការវាយលុកតាមអាកាសប្រឆាំងនឹងក្រុមភេរវករ និងប្រឆាំងគ្រប់សកម្មភាពឧក្រិដ្ឋកម្មដទៃទៀតដែលគម្រាមកំហែងដល់សន្តិភាព និងសន្តិសុខរបស់ប្រទេស។
គួរំលឹកផងដែរថា សមាជិកក្រុម Boko Haram បានចាប់ផ្តើមធ្វើកុបកម្មបង្ហូរឈាមនៅក្នុងឆ្នាំ២០០៩ នៅភាគឥសាននៃប្រទេសនីហ្សេរីយ៉ា ហើយក្រោយមកពួកគេបានផ្សព្វផ្សាយអំពើឃោរឃៅរបស់ពួកគេទៅកាន់ប្រទេសដទៃទៀតក្នុងតំបន់ Lake Chad ដដែល និងជម្រុញឲ្យមានការឆ្លើយតបពីភាគីយោធា។
មនុស្សចំនួនរាប់ពាន់នាក់ត្រូវបានសម្លាប់ និងរាប់លាននាក់ផ្សេងទៀតត្រូវផ្លាស់ទីលំនៅនៅក្នុងអំពើហិង្សាដោយក្រុមសកម្មប្រយុទ្ធ Boko Haram នៅរយៈពេលជាងមួយទសវត្សរ៍នៅក្នុងប្រទេសនីហ្សេរីយ៉ា និងប្រទេសជិតខាង៕
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ផ្សាយថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០









