កងកម្លាំងរដ្ឋាភិបាលអាហ្វហ្គានីស្ថានវាយឆ្មក់លើក្រុមតាលីបង់នៅថ្ងៃចន្ទ ម្សិលមិញហើយជាលទ្ធផលបានសម្លាប់សមាជិកសកម្មប្រយុទ្ធយ៉ាងតិចចំនួន១៦នាក់។
មន្ត្រីសន្តិសុខជាន់ខ្ពស់លោកឧត្តមសេនីយ៍ Ghulam Haider Rahmanzoi មានប្រសាសន៍ថា សកម្មប្រយុទ្ធយ៉ាងតិចចំនួន ១៦នាក់ត្រូវបានសម្លាប់ នៅពេលដែលកងកម្លាំងរដ្ឋាភិបាល រួមទាំងកងទ័ព និងប៉ូលិសធ្វើការវាយឆ្មក់លើក្រុមប្រយុទ្ធតាលីបង់មួយក្រុមនៅលើផ្លូវ Kabul-Jalalabad ក្នុងតំបន់ Sarkando Baba នៅភាគខាងកើតខេត្ត Laghman នៅថ្ងៃចន្ទម្សិលមិញ។
មន្ត្រីរូបនោះអះអាងថា ការវាយឆ្មក់នោះបានសម្លាប់សមាជិកក្រុមបះបោរចំនួន ១៦នាក់នៅនឹងកន្លែង និងបណ្តាលឲ្យសមាជិកក្រុមសកម្មប្រយុទ្ធចំនួន៦នាក់ផ្សេងទៀតរងរបួស។
មេបញ្ជាការជាន់ខ្ពស់តាលីបង់លោក Qari Rohullah ក៏ស្ថិតក្នុងចំណោមអ្នកដែលរងរបួសនោះផងដែរ។ លោក Rahmanzoi ថែមទាំងបានបង្ហាញរូបថតរបស់សាកសពខ្លះរបស់ក្រុមសកម្មប្រយុទ្ធតាលីបង់។
ក្រុមតាលីបង់មិនទាន់ធ្វើអត្ថាធិប្បាយណាមួយនៅឡើយទេ។
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ផ្សាយថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០









