ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ក្នុង​រថយន្ត​សម្លាប់​ប៉ូលិស​ចំនួន៣នាក់​នៅ​ភាគ​ខាងកើត​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន

0

ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​មួយ​បាន​កើតឡើង​នៅ​ថ្ងៃ​អង្គារ ម្សិលមិញ នៅ​ភាគ​ខាងកើត​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ដោយបាន​សម្លាប់​មន្ត្រីប៉ូលិស​ចំនួន៣នាក់ និង​បណ្តាល​ឲ្យ​មនុស្ស​ចំនួន៥នាក់​ផ្សេងទៀត​រងរបួស។

អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​បាន​អះអាងថា នៅ​ថ្ងៃ​អង្គារ ម្សិលមិញ យ៉ាងហោចណាស់​មន្ត្រីប៉ូលិស​ក្នុង​តំបន់​អា​ហ្វ​ហ្គា​នី​ស្ថាន (ALP) ចំនួន ៣នាក់​បាន​ស្លាប់ និង​ចំនួន ៥នាក់​ផ្សេងទៀត​បាន​រងរបួស​ក្រោយពី​មាន​គ្រាប់បែក​អត្តឃាត​ក្នុង​រថយន្ត​បាន​ផ្ទុះ​នៅ​ខេត្ត Nangarhar ភាគ​ខាងកើត​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន។

ការផ្ទុះ​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង ១០ និង៣០នាទី​ព្រឹក (ម៉ោង​ក្នុង​តំបន់) នៅ​សង្កាត់ Khewa។ ប៉ូលិស​ជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​បានការ​ពារ​ទីតាំង​នោះ​ក្រោយពី​មាន​ហេតុការណ៍​ផ្ទុះ​កើតឡើង។ អ្នកនាំពាក្យ​លោក Attaullah Khogiani បាន​ប្រាប់​ភ្នាក់ងារ​ព័ត៌មាន​ថា ព័ត៌មាន​ដំបូង​បាន​រកឃើញថា មាន​មនុស្ស​ចំនួន៨នាក់​រង​ផលប៉ះពាល់​ពី​ឧប្បត្តិ​ហេតុនេះ។

គោលដៅ​ជាក់ស្តែង​នៃ​ការវាយប្រហារ​គឺ​លោក Mir Zaman ជា​មេបញ្ជាការ ALP ដែល​ត្រូវបាន​សម្លាប់​ជាមួយនឹង​សមាជិក​ក្រុម ALP ចំនួន​ពីរ​នាក់​ផ្សេងទៀត។

លោក Khogyani បានបញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា ការស៊ើបអង្កេត​កំពុងដំណើរការ។

គួរបញ្ជាក់​ផងដែ​ថា រហូតមកដល់​ពេលនេះ ពុំទាន់​មាន​ក្រុម​ណាមួយ​ចេញមុខ​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​នេះ​នៅឡើយ​ទេ។

ទោះជា​យ៉ាងណា ក្រុម​សកម្មប្រយុទ្ធ​តា​លី​បង់ និង​ក្រុម​សកម្មប្រយុទ្ធ​របស់​រដ្ឋ​អ៊ីស្លាម (IS) មាន​វត្ត​មាននៅ​ខេត្ត​តំបន់ភ្នំ​ដែលមាន​ចម្ងាយ ១២០គីឡូម៉ែត្រ​ខាងកើត​ទីក្រុង​កា​ប៊ុល។

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ផ្សាយ​ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here