ប៉ូលិសនិយាយថា មេដឹកនាំកាន់អំណាចវ័យក្មេងរបស់គណបក្ស Bharatiya Janata (BJP) និងសមាជិកគ្រួសាររបស់គាត់ចំនួនពីរនាក់មានឪពុក និងប្អូនប្រុស ត្រូវគេសម្លាប់នៅយប់ថ្ងៃពុធ នៅតំបន់កាស្មៀរដែលគ្រប់គ្រងដោយប្រទេសឥណ្ឌា។
អ្នកទាំងបីរងការវាយប្រហារនៅខាងក្រៅលំនៅដ្ឋានរបស់ពួកគេក្នុងទីប្រជុំជន Bandipora ដែលមានចម្ងាយប្រហែល ៦៦គីឡូម៉ែត្រខាងជើងទីក្រុង Srinagar ដែលជារដ្ឋធានីរដូវក្តៅនៃតំបន់កាស្មៀរគ្រប់គ្រងដោយប្រទេសឥណ្ឌា។
ប៉ូលិសស្តីបន្ទោសលើក្រុមសកម្មប្រយុទ្ធចំពោះការសម្លាប់នេះ។
មន្ត្រីប៉ូលិសម្នាក់និយាយនៅក្នុងស្រុក Bandipora ថា៖ “ ក្រុមសកម្មប្រយុទ្ធបានបាញ់ទៅលើសមាជិកបក្ស BJP គឺលោក Wasim Bari នៅទីនេះ។ អ្នកទាំងបីត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ប៉ុន្តែជាអកុសលពួកគេទាំងបីនាក់បានស្លាប់ដោយសាររបួសរបស់ពួកគេ” Bari ជាអតីតតំណាងរាស្ត្របក្ស BJP នៅស្រុក Bandipora។ អគ្គលេខាធិការបក្ស BJP លោក Ram Madhav បានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការសម្លាប់នេះ។
អាជ្ញាធរបានដាក់ពង្រាយបុគ្គលិកសន្តិសុខចំនួន០៨នាក់ដើម្បីការពារមេដឹកនាំ។ទោះជាយ៉ាងណាគេមិនទាន់ដឹងថា ហេតុអ្វីបានជាប៉ូលិសមិនព្រមរួមដំណើរជាមួយជនរងគ្រោះនៅពេលមានការវាយប្រហារនោះទេ។ ភ្លាមៗនោះ ក្រោយពីមានឧប្បត្តិហេតុនេះកើតឡើង កម្លាំងរដ្ឋាភិបាលបានឡោមព័ទ្ធភូមិ និងបើកការស្រាវជ្រាវដើម្បីចាប់ជនដៃដល់។ យ៉ាងណាមិញ ពុំមានការចាប់ខ្លួនណាមួយត្រូវបានធ្វើឡើងរហូតដល់មានរបាយការណ៍ចុងក្រោយត្រូវបានកត់ត្រា។
រហូតមកដល់ពេលនេះមិនមានក្រុមសកម្មប្រយុទ្ធណាមួយអះអាងទទួលខុសត្រូវចំពោះការសម្លាប់នេះទេ។
គួររំលឹកផងដែរថា ក្រុមសកម្មប្រយុទ្ធនៅក្នុងតំបន់ជាធម្មតាផ្តោតគោលដៅទៅលើក្រុមគ្រួសារ និងបុគ្គល ដែលមានទំនាក់ទំនងជាមួយភ្នាក់ងារប៉ូលិសនិងក្រុមការពារ។
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ផ្សាយថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០









