អ្នកនាំពាក្យរបស់ចលនា Hamas អ៊ីស្លាមនៅតំបន់ Gaza បានស្តីបន្ទោសអ៊ីស្រាអែលនៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែកក្កដា ពីការចាប់ខ្លួនមេដឹកនាំជាន់ខ្ពស់ចំនួនពីររូបរបស់ពួកគេនៅតំបន់ West Bank ។
អ្នកនាំពាក្យនិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថា ចលនារបស់លោកថ្កោលទោសចំពោះការឃុំខ្លួនលោក Jamal al-Taweel និងលោក Hussein Abu Kueik ដែលជាមេដឹកនាំជាន់ខ្ពស់ Hamas ចំនួនពីរនាក់នៅតំបន់ Ramallah។ នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់លោក Qassem និយាយថា៖ “ការចាប់ខ្លួនមេដឹកនាំទាំងពីរគឺជាការប៉ុនប៉ងបរាជ័យមួយ ដើម្បីរារាំងដល់ក្រុម និងសកម្មជនជាតិ ដែលតស៊ូដើម្បីប្រឈមមុខនឹងផែនការរបស់ប្រទេសអ៊ីស្រាអែលក្នុងការផ្លាស់ប្តូរបុព្វហេតុជនជាតិប៉ាឡេស្ទីន” ។
សូមបញ្ជាក់ផងដែរថា ពុំទាន់មានការឆ្លើយតបភ្លាមៗពីកងទ័ពអ៊ីស្រាអែលចំពោះការចាប់ខ្លួនមេដឹកនាំ Hamas ទាំងពីរនាក់ និងការចាប់ខ្លួនជនជាតិប៉ាឡេស្ទីនចំនួន ១៨នាក់ផ្សេងទៀតនៅទូទាំងតំបន់ West Bank ទេ។
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ផ្សាយថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០









