ហេតុការណ៍បំផ្ទុះគ្រាប់បែករថយន្តកើតឡើងនៅក្នុងទីក្រុង al-Bab ដែលជាទីក្រុងគ្រប់គ្រងដោយក្រុមឧទ្ទាមក្នុងខេត្ត Aleppo នៅភាគខាងជើងប្រទេសស៊ីរី ដោយបានបណ្តាលឲ្យមនុស្សចំនួន០៤នាក់រងរបួស។
ភ្នាក់ងារសារព័ត៌មានរដ្ឋ SANA រាយការណ៍ថា មនុស្សចំនួន ០៤នាក់បានរងរបួសនៅថ្ងៃសៅរ៍ ទី១១ សប្តាហ៍មុន នៅពេលដែលគ្រាប់បែកក្នុងរថយន្តបានផ្ទុះនៅក្នុងទីក្រុង al-Bab ជាតំបន់គ្រប់គ្រងដោយក្រុមឧទ្ទាមក្នុងខេត្ត Aleppo នៅភាគខាងជើងប្រទេសស៊ីរី។
គ្រាប់បែករថយន្តបានផ្ទុះឡើងនៅជិតផ្សារមួយនៅក្នុងទីក្រុង al-Bab ដែលគ្រប់គ្រងដោយកងកម្លាំងតួកគី និងក្រុមឧទ្ទាមគាំទ្រដោយតួកគី។ ការផ្ទុះនោះក៏បានបណ្តាលឲ្យមានការខូចខាតទ្រព្យសម្បត្តិនៅក្នុងតំបន់នោះផងដែរ។
ជាមួយគ្នានេះដែរ អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរីដែលជាអ្នកឃ្លាំមើលសង្គ្រាមអះអាងថា គ្រាប់បែកក្នុងរថយន្តនោះត្រូវបានបំផ្ទុះនៅចំខាងក្រោយវិហារអ៊ីស្លាមមួយនៅក្នុងទីក្រុង។
សូមបញ្ជាក់ផងដែរថា ក្រុមសកម្មជន និងបណ្តាញផ្សព្វផ្សាយគាំទ្ររដ្ឋាភិបាលលើកឡើងឲ្យដឹងផងដែរថា តំបន់ដែលគ្រប់គ្រងដោយកងកម្លាំងតួកគី និងក្រុមឧទ្ទាមស៊ីរីគាំទ្រដោយតួកគីគឺជាតំបន់មួយដែលមានការរស់នៅក្នុងភាពគ្មានច្បាប់ទម្លាប់ និងមានការប៉ះទង្គិចរបស់ក្រុមឧទ្ទាម។
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ផ្សាយថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០









