ក្រសួងការពារជាតិរបស់ប្រទេសអាហ្វហ្គានីស្ថានបញ្ជាក់នៅថ្ងៃសៅរ៍នេះថា សមាជិកក្រុមសកម្មប្រយុទ្ធតាលីបង់ចំនួន១៦នាក់ត្រូវបានសម្លាប់ក្នុងអំឡុងពេលដែលមានការប៉ះទង្គិចគ្នានៅខេត្តចំនួនពីរ ដែលមានទីតាំងនៅភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន។
ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមាជិកក្រុមប្រយុទ្ធចំនួន ៨នាក់ត្រូវបានសម្លាប់ និងសមាជិកចំនួន ៤នាក់ផ្សេងទៀតរងរបួស ក្រោយពីកងកម្លាំងការពារជាតិ និងសន្តិសុខជាតិអាហ្វហ្គានីស្ថាន (ANDSF) បានធ្វើការវាយប្រហារទៅនៅយប់ថ្ងៃសុក្រ សប្តាហ៍មុនលើក្រុមតាលីបង់នៅប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខក្នុងតំបន់ Kharoti ក្នុងស្រុក Azra ក្នុងខេត្ត Logar ។
លើសពីនេះ នៅស្រុកក្បែរគ្នាមានឧប្បត្តិហេតុស្រដៀងគ្នាកើតឡើងនៅតំបន់ Aboqala នៃស្រុក Andar ក្នុងខេត្ត Ghazni។ ហេតុការណ៍នោះសម្លាប់សមាជិកសកម្មប្រយុទ្ធចំនួន ៨នាក់។ សេចក្តីថ្លែងការណ៍នោះមិនបានបញ្ជាក់ថា សមាជិករបស់ក្រុម ANDSF ណាមួយរងរបួសក្នុងពេលប៉ះទង្គិចគ្នានោះទេ។
រហូតមកដល់ពេលនេះ ក្រុមសកម្មប្រយុទ្ធមិនទាន់ឆ្លើយតបចំពោះរបាយការណ៍នេះទេ។
ចាប់តាំងពីមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងក្រុមតាលីបង់ និងសហរដ្ឋអាមេរិកនៅខែកុម្ភៈ មេដឹកនាំអាហ្វហ្គានីស្ថានរួមទាំងប្រធានាធិបតីលោក Mohammad Ashraf Ghani ជាញឹកញាប់បានទាមទារឱ្យក្រុមតាលីបង់កាត់បន្ថយអំពើហិង្សា។
ទោះយ៉ាងណាក៏ដោយ ក្រុមសកម្មប្រយុទ្ធនៅតែបង្កើនការវាយប្រហារដោយធ្វើការសម្លាប់និងបង្កឲ្យសមាជិកប្រយុទ្ធ និងជនស៊ីវិលរងរបួសជាច្រើននាក់។
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ផ្សាយថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០









