នៅថ្ងៃអង្គារ ទី១៤ ម្សិលមិញនេះ កងកម្លាំងប៉ូលិសប្រចាំតំបន់ Catalan បានបញ្ជាក់ពីការចាប់ខ្លួនបុរសចំនួន០២នាក់ ដែលសង្ស័យថា បានចូលរួមបង្កើតក្រុមភេរវករជីហាដ។ ការចាប់ខ្លួនធ្វើឡើងក្រោយពីមានប្រតិបត្តិការរបស់ប៉ូលិសនៅក្នុងទីក្រុង Barcelona ដែលជាទីក្រុងនៅឆ្នេរភាគឥសាននៃប្រទេសអេស្ប៉ាញ។
បុរសទាំង០២នាក់ នោះជាជនជាតិអាល់ហ្សេរីមានអាយុ ៤១និង ៤៣ឆ្នាំ។ ជនសង្ស័យទាំងពីត្រូវបានសមត្ថកិច្ចចាប់ឃុំខ្លួននៅក្នុងការវាយឆ្មក់ជាបន្តបន្ទាប់ដែលបានចាប់ផ្តើមនៅម៉ោង០៦ព្រឹកម៉ោងនៅទីក្រុង Barceloneta។
អ្នកជាប់ឃុំត្រូវប្រឈមនឹងការចោទប្រកាន់ពីបទសហការយ៉ាងសកម្មជាមួយក្រុមជីហាដនិយមដោយចូលរួមក្នុងសកម្មភាពជ្រើសរើស និងរៀបចំធ្វើសកម្មភាពភេរវកម្ម។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ប៉ូលិសបាននិយាយថា ពួកគេទាំងពីរនាក់បានស្ម័គ្រចិត្តអនុវត្តការវាយប្រហារភេរវកម្មនៅក្នុងទីក្រុងដោយប្រើប្រាស់គ្រឿងផ្ទុះ។
ប៉ូលិសក៏បានធ្វើការឆែកឆេរក្នុងលំនៅដ្ឋានចំនួន០២កន្លែងផ្សេងទៀតនៅក្នុងតំបន់នោះផងដែរ។ការវាយឆ្មក់នោះជាផ្នែកទីពីរនៃប្រតិបត្តិការមួយដែលមានឈ្មោះថា ” Alexandria” ។ នៅខែមករា ជនសង្ស័យភេរវករចំនួន០៩នាក់ត្រូវបានចាប់ខ្លួននៅទីក្រុង Barcelona និងនៅជិតទីក្រុង Igualada ហើយសមាជិករបស់ពួកគេចំនួន០៤នាក់ផ្សេងទៀតបាន និងកំពុងជាប់ឃុំនៅក្នុងពន្ធនាគារ។
គួរបញ្ជាក់ផងដែរថា នេះក៏ជាប្រតិបត្តិការប្រឆាំងភេរវកម្មលើកទី២ នៅតំបន់ Catalonia នៅក្នុងខែកក្កដាក្រោយពីជនសង្ស័យជីហាដចំនួន០៣នាក់ត្រូវបានចាប់ខ្លួនក្នុងប្រតិបត្តិការទី០១ ក្នុងទីក្រុង Badalona នៅភាគខាងជើងនៃទីក្រុង Barcelona នៅថ្ងៃទី០៥ ខែកក្កដា។
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ផ្សាយថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០