កងកម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីតបាននិយាយនៅថ្ងៃអង្គារនេះថា មីស៊ីលដែលបាញ់ដោយកងជីវពលហ៊ូទីបានធ្លាក់ក្នុងទីក្រុង Ma’rib នៅភាគខាងកើតនៃរដ្ឋធានី Sanaa ក្នុងប្រទេសយេម៉ែន។
អ្នកនាំពាក្យរបស់កងកម្លាំងចម្រុះលោក Turki Al Maliki មានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយថា មីស៊ីលនោះត្រូវក្រុមឧទ្ទាមបាញ់នៅល្ងាចថ្ងៃអង្គារម្សិលមិញ។ អ្នកនាំពាក្យបន្តថា កងជីវពល Houthi នៅតែបន្តបំពានលើច្បាប់មនុស្សធម៌អន្តរជាតិដោយធ្វើការបាញ់មីស៊ីលផ្លោងទៅលើជនស៊ីវិល និងលើតំបន់លំនៅដ្ឋាន” ។ លោកបន្ថែមថា កងកម្លាំងចម្រុះនឹងបន្តអនុវត្តរាល់វិធានការទាំងអស់ដើម្បីកាត់បន្ថយសមត្ថភាពរបស់ឧទ្ទាមហ៊ូធី។
បន្ថែមលើពីនេះ កងកម្លាំងចម្រុះបានប្រកាសនៅថ្ងៃច័ន្ទ ទី១៣ ដើមសប្តាហ៍នេះថា ពួកគេបានស្ទាក់ចាប់មីស៊ីលរបស់ឧទ្ទាមហ៊ូទី ចំនួន ៤គ្រាប់ និងយន្តបញ្ជាដ្រូនចំនួន ០៧គ្រឿងដែលបានកំណត់គោលដៅលើរាជាណាចក្រនេះ។
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ផ្សាយថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០