ហេតុការណ៍ប៉ះទង្គិចគ្នាមួយកើតឡើងនៅភាគខាងជើងខេត្ត Kunduz បណ្តាលឲ្យទាហានអាហ្វហ្គានីស្ថានចំនួន០២នាក់ និងសមជិកតាលីបង់ចំនួន០៥នាក់ស្លាប់និងបណ្តាលឲ្យមនុស្សរងរបួសទាំងទ្វេភាគីសរុបចំនួន១១នាក់រងរបួស។
មន្ត្រីក្នុងតំបន់បាននិយាយនៅថ្ងៃពុធថា ទាហានអាហ្វហ្គានីស្ថានចំនួន ០២នាក់ និងសមាជិកសកម្មប្រយុទ្ធតាលីបង់ចំនួន០៥នាក់ត្រូវបានសម្លាប់ និងមនុស្សចំនួន ១១ នាក់មកពីភាគីទាំងពីរបានរងរបួសក្នុងអំឡុងពេលមានការប៉ះទង្គិចគ្នាមុនពេលថ្ងៃរះនៅភាគខាងជើងខេត្ត Kunduz ក្នុងប្រទេសអាហ្វហ្គានីស្ថាន។
លោកអធិការស្រុក Mahbubullah Sayyedi មានប្រសាសន៍ថា ការប៉ះទង្គិចគ្នាបានកើតឡើងក្រោយពីក្រុមសកម្មប្រយុទ្ធតាលីបង់បានវាយលុកចូលបន្ទាយទាហានចម្រុះ និងប៉ុស្តិ៍ត្រួតពិនិត្យប៉ូលិសនៅតំបន់ Qarghaz ក្នុងស្រុក Iamam Sahib នៅព្រឹកថ្ងៃពុធ។ សមាជិកសន្តិសុខចំនួន០៥នាក់ និងសមាជិកសកម្មប្រយុទ្ធចំនួន ០៦នាក់បានរងរបួសក្នុងពេលប្រយុទ្ធគ្នានោះ។ តំបន់នោះត្រូវបានចាត់វិធានាការណ៍ការពារសុវត្ថិភាពក្រោយមានហេតុការប្រយុទ្ធដោយប្រើកាំភ្លើងដ៏សាហាវ ហើយអ្នករងរបួសត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យនៅទីរួមខេត្ត Kunduz ។
ខេត្តភាគខាងជើងប្រទេសអាហ្វហ្គានីស្ថានគឺជាកន្លែងនៃកើតមានការប៉ះទង្គិចគ្នាយ៉ាងខ្លាំងរវាងសមាជិកក្រុមតាលីបង់ និងកងកម្លាំងសន្តិសុខអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
ចំណែកឯនៅយប់ថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២០ ក្រុមតាលីបង់ក៏បានធ្វើការវាយប្រហារលើស្ថានីយ៍ប៉ូលិសស្រុក Iamam Sahib បណ្តាលឲ្យជនស៊ីវិលចំនួន០៤នាក់
និងប៉ូលិសចំនួន០៥នាក់ និងសមាជិកក្រុមសកម្មប្រយុទ្ធចំនួន០៦នាក់ស្លាប់ និងមនុស្ស០៨នាក់ផ្សេងទៀតរងរបួស។
រំលឹកផងដែរថា កងទ័ពអាហ្វហ្គានីស្ថានគ្រប់គ្រងភាគច្រើនមណ្ឌលនៃប្រជាជនអាហ្វហ្គានីស្ថាន និងខេត្តចំនួន៣៤ប៉ុន្តែក្រុមឧទ្ទាមតាលីបង់បានគ្រប់គ្រងផ្នែកធំៗ នៃតំបន់ជនបទហើយថែមទាំងធ្វើការវាយប្រហារទ្រង់ទ្រាយធំប្រឆាំងនឹងទីក្រុង និងស្រុករបស់អាហ្វហ្គានីស្ថានជាប្រចាំ។
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ផ្សាយថ្ងៃ១៥ ខែកក្កដា ឆ្នាំ២០២០