ការវាយប្រហារតាមអាកាសនៅក្នុងខេត្តចំនួនពីររបស់ប្រទេសអាហ្វហ្គានីស្ថានបានសម្លាប់សមាជិកសកម្មប្រយុទ្ធយ៉ាងហោចណាស់ចំនួន ០៦នាក់។
កងកម្លាំងពិសេសអាហ្វហ្គានីស្ថាននិយាយនៅថ្ងៃពុធថា យ៉ាងហោចណាស់សមាជិកសកម្មប្រយុទ្ធតាលីបង់ចំនួន០៦នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាសនៅខេត្តចំនួនពីរនៅភាគខាងត្បូងប្រទេសអាហ្វហ្គានីស្ថាន។
អង្គភាពប្រតិបត្តិការពិសេសកងទ័ពជាតិអាហ្វហ្គានីស្ថាន (ANASOC) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា“សកម្មប្រយុទ្ធតាលីបង់ចំនួន០៦នាក់ត្រូវបានសម្លាប់ និងចំនួន ០២នាក់ផ្សេងទៀតរងរបួសក្នុងអំឡុងពេលការវាយប្រហារតាមអាកាសនៅស្រុក Arghandab នៃខេត្ត Zabul និងស្រុក Maiwand នៃខេត្ត Kandahar” ។
សេចក្តីថ្លែងការណ៍បានបន្ថែមថា ការវាយប្រហារតាមអាកាសធ្វើឡើងដើម្បីផ្តល់ការគាំទ្រដល់កម្លាំងជើងគោក ក្រោយពីក្រុមសកម្មប្រយុទ្ធបានវាយលុកលើប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខ។ សេចក្តីថ្លែងការណ៍នោះមិនបានផ្តល់ព័ត៌មានលម្អិតថាហេតុការណ៍នោះកើតឡើងយ៉ាងណានោះទេ។
ទោះជាយ៉ាងណាក៏ដោយរហូតមកដល់ពេលក្រុមសកម្មប្រយុទ្ធពុំទានឆ្លើយតបទៅនឹងរបាយការណ៍នេះទេ។
សូមរំលឹកផងដែរថា អំពើហឹង្សានៅតែបន្តកើតមាននៅក្នុងប្រទេសដែលរងការហែកហួរពីសង្គ្រាម ក្រោយពីមានកិច្ចព្រមព្រៀងសន្តិភាពមួយត្រូវបានចុះហត្ថលេខារវាងសហរដ្ឋអាមេរិក និងក្រុមតាលីបង់នៅប្រទេស Qatar នៅខែកុម្ភៈ ដែលបានត្រួសត្រាយផ្លូវសម្រាប់ការដកកម្លាំងរបស់សហរដ្ឋអាមេរិកតាមដំណាក់កាល។
យោងតាមកិច្ចព្រមព្រៀងនេះ កងកម្លាំងសហរដ្ឋអាមេរិក និងកងទ័ព NATO ចំនួន ១០,០០០ នាក់ដែលឈរជើងនៅក្នុងប្រទេសអាហ្វហ្គានីស្ថាននឹងដកកម្លាំងចេញនៅខែកក្កដា ឆ្នាំក្រោយ៕
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ផ្សាយថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០