ក្រុមភេរវករ ISIS បានអះអាងទទួលខុសត្រូវចំពោះការសម្លាប់មេបញ្ជាការកងទ័ពអ៊ីរ៉ាក់មួយរូបនៅភាគខាងជើងរដ្ឋធានី Baghdad នៅក្នុងការវាយឆ្មក់មួយកាលពីថ្ងៃសុក្រកន្លងទៅ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចុះផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន Amaq ដែលជាប់ទាក់ទងនឹងក្រុម ISIS ក្រុមជ្រុលនិយមបានអះអាងថាក្រុមសកម្មប្រយុទ្ធបានសម្លាប់ឧត្តមសេនីយ៍ទោ Ali Hameed Ghaydan មេបញ្ជាការកងពលតូចលេខ៥៩ នៃកងទ័ពអ៊ីរ៉ាក់នៅលើផ្លូវ Ibn Sina។
លោកនាយករដ្ឋមន្ត្រី Mustafa al-Kadhimi កាលពីថ្ងៃសុក្របានបញ្ជាឱ្យភ្នាក់ងារស៊ើបការណ៍សម្ងាត់ និងកម្លាំងសន្តិសុខតាមចាប់ខ្លួនក្រុមភេរវករទាំងនោះជាបន្ទាន់ចំពោះការវាយប្រហារលើរថយន្តរបស់ឧត្តមសេនីយ៍ទោ Ali Ali Hameed Ghaydan ។
គួររំលឹកថាការវាយប្រហារនេះកើតឡើងចំពេលដែលកងកម្លាំងអ៊ីរ៉ាក់បានធ្វើការវាយលុកជាថ្មីប្រឆាំងនឹងក្រុម ISIS ។ កងកម្លាំងអ៊ីរ៉ាក់ និងឃឺដបានប្រកាសដំណាក់កាលទី៤នៃប្រតិបត្តិការវីរបុរសអ៊ីរ៉ាក់នៅខេត្ត Diyala កាលពីសប្តាហ៍មុន។ ដំណាក់កាលមុនៗបានធ្វើការគ្របដណ្តប់លើតំបន់នានាក្នុងខេត្ត Anbar ខេត្ត Nineveh ខេត្ត Salahaddin ខេត្ត Kirkuk និងខេត្ត Samarra ។
សម្ព័ន្ធភាពសកលដឹកនាំដោយអាមេរិកប្រឆាំងនឹងក្រុម ISIS កំពុងធ្លាក់ចុះនៅអ៊ីរ៉ាក់។ កងទ័ពអាមេរិកបានដកទ័ពចេញពីមូលដ្ឋានចំនួន៦នៅអ៊ីរ៉ាក់ ហើយនៅសប្តាហ៍នេះកងកម្លាំងអង់គ្លេសបានចាកចេញពីជំរុំយោធា Taji នៅភាគខាងជើងរដ្ឋធានី Baghdad។ ក្រុមISISបានស្វាគមន៍ចំពោះការដកទ័ពនេះដែលជាឱកាសមួយដើម្បីពង្រីកការបោះបោររបស់ខ្លួន និងបានប្តេជ្ញាថានឹងទាញយកផលប្រយោជន៍ពីការដកកងទ័ពចម្រុះនេះ។
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី ១៩ ខែកក្តដា ឆ្នាំ២០២០