ប្រភពពីក្រសួងមហាផ្ទៃបាននិយាយថារ៉ុក្កែត Katyusha ចំនួន៣គ្រាប់បានធ្លាក់ចុះកាលពីថ្ងៃអាទិត្យនេះនៅជិតស្ថានទូតសហរដ្ឋអាមេរិកស្ថិតនៅតំបន់បៃតងដែលមានការការពារខ្លាំងនៅកណ្តាលរដ្ឋធានី Baghdad ប្រទេសអ៊ីរ៉ាក់។
ការវាយប្រហារបានកើតឡើងនៅពេលរសៀលដែលមានគ្រាប់រ៉ុក្កែតចំនួន៣គ្រាប់បានធ្លាក់ចុះនៅក្បែរស្ថានទូតសហរដ្ឋអាមេរិកនៅតំបន់បៃតងដែលមានការិយាល័យរដ្ឋាភិបាលអ៊ីរ៉ាក់សំខាន់ៗ និងស្ថានទូតបរទេសមួយចំនួន។ ប្រភពបាននិយាយថាភ្លាមៗមិនមានរបាយការណ៍អំពីអ្នកស្លាប់ និងរបួសនោះទេ។
គួរបញ្ជាក់ថាតំបន់បៃតងត្រូវបានគេវាយប្រហារជាញឹកញាប់ដោយកាំភ្លើងត្បាល់របស់ក្រុមបះបោរ។ ដែលតំបន់នេះមានទំហំប្រហែល១០គីឡូម៉ែត្រក្រឡាស្ថិតនៅលើច្រាំងខាងលិចនៃទន្លេ Tigris ដែលមានព្រំប្រទល់ជាប់ជាមួយររដ្ឋធានីរបស់អ៊ីរ៉ាក់។
ស្ថានទូតសហរដ្ឋអាមេរិក និងមូលដ្ឋានយោធាអ៊ីរ៉ាក់ផ្សេងទៀតដែលជាកន្លែងកងទ័ពអាមេរិកឈរជើងត្រូវបានគេវាយប្រហារជាញឹកញាប់ដោយកាំភ្លើងត្បាល់ និងគ្រាប់រ៉ុក្កែតរបស់ក្រុមបះបោរ។ ការវាយប្រហារបានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Mohammad Javad Zarif បានទៅដល់រដ្ឋធានី Baghdad ដើម្បីពិភាក្សាជាមួយមេដឹកនាំអ៊ីរ៉ាក់។
ទំនាក់ទំនងរវាងប្រទេសអ៊ីរ៉ាក់ និងសហរដ្ឋអាមេរិកត្រូវបានមើលឃើញថាមានភាពតានតឹងចាប់តាំងពីថ្ងៃទី៣មករានៅពេលដែលយន្តហោះគ្មានមនុស្សបើករបស់អាមេរិកបានវាយប្រហារលើក្បួនរថយន្តមួយនៅឯព្រលានយន្តហោះ Baghdad ដោយបានសម្លាប់លោក Qassem Soleimani ដែលជាអតីតមេបញ្ជាការកងកំលាំងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ និងលោក Abu Mahdi al-Muhandis នាយរងសេនាធិការយោធាអ៊ីរ៉ាក់។
ការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកនេះបានជំរុញឱ្យសភាអ៊ីរ៉ាក់នៅថ្ងៃទី៥ ខែមករាបានអនុម័តដំណោះស្រាយមួយដែលតម្រូវឲ្យរដ្ឋាភិបាលបញ្ចប់វត្តមានរបស់កងកម្លាំងបរទេសនៅក្នុងប្រទេសនេះ។ កងទ័ពសហរដ្ឋអាមេរិកប្រមាណ៥,០០០នាក់ត្រូវបានដាក់ពង្រាយនៅអ៊ីរ៉ាក់ដើម្បីគាំទ្រដល់កងកម្លាំងអ៊ីរ៉ាក់ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលភាគច្រើនផ្តល់ការបណ្តុះបណ្តាល និងផ្តល់យោបល់ដល់កងកម្លាំងអ៊ីរ៉ាក់។
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី ១៩ ខែកក្តដា ឆ្នាំ២០២០