ប៉ូលិសតួកគីបានធ្វើប្រតិបត្តិការវាយឆ្មក់ទ្រង់ទ្រាយធំនៅក្នុងស្រុកចំនួន១៥ដើម្បីចាប់ខ្លួនជនសង្ស័យជាសមាជិកឧទ្ទាម IS ចំនួន២៧នាក់។
ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុកមួយបានរាយការណ៍ថា នៅថ្ងៃអាទិត្យ ទី១៩ សប្តាហ៍មុន ប៉ូលិសតួកគីបានចាប់ឃុំខ្លួនមនុស្សចំនួន២៧នាក់នៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល (Istanbul) ពីបទសង្ស័យមានជាប់ទាក់ទងនឹងរដ្ឋអ៊ីស្លាម (IS) ។
ប្រព័ន្ធផ្សព្វផ្សាយ TRT គ្រប់គ្រងដោយរដ្ឋចុះផ្សាយថា ប៉ូលិសបានបើកប្រតិបត្តិការក្នុងពេលដំណាលគ្នានៅស្រុកចំនួន ១៥ នៅទូទាំងទីក្រុងដើម្បីចាប់ខ្លួនជនសង្ស័យ។ អង្គភាពប្រឆាំងភេរវកម្មបានជឿជាក់ថាជនសង្ស័យទាំងនោះបានរៀបគម្រោងធ្វើសកម្មភាពភេរវកម្មនៅតាមទីតាំងជាច្រើននៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល។ សម្ភារៈឌីជីថលជាច្រើនត្រូវបានរឹបអូសនៅក្នុងប្រតិបត្តិការវាយឆ្មក់នោះ។
គួរបញ្ជាក់ផងដែរថា ក្រុម IS ត្រូវគេស្តីបន្ទោសចំពោះការវាយប្រហារដ៏សាហាវជាច្រើនឆ្នាំនៅក្នុងប្រទេសតួកគី ដែលបានសម្លាប់មនុស្សច្រើនជាង ៣០០នាក់។
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ផ្សាយថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០