សកម្មជនប្តេជ្ញាចំពោះឧទ្ទាម IS ម្នាក់ ដែលគ្រោងនឹងធ្វើការវាយប្រហារប្រឆាំងអង្គភាពសន្តិសុខត្រូវសមត្ថកិច្ចចាប់ខ្លួននៅក្នុងប្រទេសទុយនីស៊ី។
ក្រសួងមហាផ្ទៃនិយាយនៅថ្ងៃអាទិត្យ ទី១៩ សប្តាហ៍មុនថា ប្រទេសទុយនីស៊ីបានចាប់ខ្លួនជនជ្រុលនិយមម្នាក់ដែលគ្រោងនឹងធ្វើការវាយប្រហារប្រឆាំងអង្គភាពសន្តិសុខ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងមានសេចក្តីថា៖
“សូមអរគុណចំពោះការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងសេវាកម្មស៊ើបការណ៍សម្ងាត់របស់ប្រទេសទុយនីស៊ី និងអង្គភាពសន្តិសុខផ្សេង។ សមាជិកក្រុមជ្រុលនិយមដែលបានប្តេជ្ញាចិត្តចំពោះក្រុមរដ្ឋអ៊ីស្លាមជ្រុលនិយមត្រូវបានចាប់ខ្លួន” ។
នៅក្នុងការស៊ើបអង្កេតស៊ីជម្រៅបានបញ្ជាក់ថា ជនជ្រុលនិយមនោះទទួលបានការបណ្តុះបណ្តាលក្នុងការផលិតគ្រឿងផ្ទុះ និងបានព្យាយាមទិញសម្ភារៈចាំបាច់ដើម្បីអនុវត្តការវាយប្រហារប្រឆាំងនឹងអង្គភាពសន្តិសុខ។
សូមបញ្ជាក់ផងដែរថា ប្រទេសទុយនីស៊ីបានចាប់ផ្តើមមើលឃើញពីសកម្មភាពភេរវកម្មចាប់តាំងពីឆ្នាំ២០១១ ដោយភេរវករទាំងនោះបានសម្លាប់ភ្នាក់ងារសន្តិសុខ មន្ត្រីយោធាជនស៊ីវិល និងជនទេសចរបរទេសចំនួនរាប់សិបនាក់៕
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ផ្សាយថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០