សកម្ម​ជនតា​លី​បង់​ត្រូវបាន​សម្លាប់​ក្នុងការ​វាយប្រហារ​តាម​អាកាស​នៅ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន

0

កងកម្លាំង​អា​ហ្វ​ហ្គា​នី​ស្ថាន​ធ្វើការ​វាយប្រហារ​តាម​អាកាស​នៅក្នុង​ប្រតិបត្តិការ​វាយឆ្មក់​ចុងក្រោយ​ប្រឆាំងនឹង​ក្រុម​បះបោរ​ដោយបាន​សម្លាប់​សមាជិក​តា​លី​បង់​យ៉ាងហោចណាស់​ចំនួន២០នាក់​នៅក្នុង​ខេត្ត Kandahar។

មេបញ្ជាការ​កងកម្លាំង​ពិសេស​អា​ហ្វ​ហ្គា​នី​ស្ថាន​មានប្រសាសន៍​នៅ​ថ្ងៃ​អង្គា​រថា ក្រុម​សកម្មប្រយុទ្ធ​តា​លី​បង់​យ៉ាងតិច​ចំនួន២០នាក់​ត្រូវបាន​សម្លាប់​ក្នុងការ​វាយប្រហារ​តាម​អាកាស​មួយ​នៅក្នុង​ខេត្ត Kandahar ភាគខាងត្បូង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​នៅក្នុង​ប្រតិបត្តិការ​វាយឆ្មក់​ចុងក្រោយ​ប្រឆាំងនឹង​ក្រុម​បះបោរ។

ភ្នាក់ងារ​ប្រតិបត្តិការ​កងទ័ព​ពិសេស​កងទ័ព​ជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​និយាយថា៖ “ផ្អែកលើ​ការ​ស៊ើបការណ៍​គួរឱ្យ​ទុកចិត្តបាន​បញ្ជាក់​ពី​ការវាយប្រហារ​ប្រឆាំងនឹង​ទីតាំង​ក្រុម​តា​លី​បង់​នៅក្នុង​ភូមិ Maakin និង​ភូមិ Bagh នៃ​ស្រុក Daman នៅ​ថ្ងៃ​ចន្ទ។ ការវាយប្រហារ​នោះ​បណ្តាល​ឲ្យ​សកម្ម​ជនតា​លី​បង់​ចំនួន២០នាក់​ស្លាប់ និង​បាន​បំផ្លាញ​រថយន្ត រួមជាមួយ​ម៉ូតូ​ចំនួន​មួយគ្រឿង​របស់​ក្រុម​សកម្មប្រយុទ្ធ”។

កងកម្លាំង​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​បន្តធ្វើ​ប្រតិបត្តិការ​បោសសម្អាត​នៅ​រដូវ​ផ្កា​រីក និង​រដូវក្តៅ​ដែល​ត្រូវបាន​គេ​ស្គាល់​ថា រដូវ​ប្រយុទ្ធ​កំពុង​ខិតជិត​មកដល់​នៅលើ​តំបន់ភ្នំ។ ក្រុម​សកម្មប្រយុទ្ធ​តា​លី​បង់​បាន​ឆ្លើយតប​ដោយ​ធ្វើការ​វាយប្រហារ​ប្រើ​គ្រាប់បែក​និង​ធ្វើការ​វាយប្រហារ​ដោយផ្ទាល់​ទៅលើ​ប៉ុស្តិ៍​ត្រួតពិនិត្យ​សន្តិសុខ និង​ជំរុំ​យោធា។

គួរ​រំលឹក​ផងដែរ​ថា នៅ​ថ្ងៃ​ចន្ទ ទី២០ ខែកក្កដា ដើម​សប្តាហ៍​នេះ អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ម្នាក់​បាន​បើកឡាន​ដឹកទំនិញ ដែលមាន​ផ្ទុកទំនិញ​ពេញ​ទៅ​បំផ្ទុះ​ក្នុងស្រុក​Sayed Abad នៃ​ខេត្ត Wardak នៅ​ភាគ​ខាងកើត​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន។ ហេតុការណ៍​នោះបាន​សម្លាប់​អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​រូបនោះ ទាហាន​ចំនួន០៩នាក់ និង​បណ្តាល​ឲ្យ​ទាហាន​ចំនួន០៩នាក់​ផ្សេងទៀត​រងរបួស៕

ប្រែ​សម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ផ្សាយ​ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here