នៅល្ងាចថ្ងៃចន្ទ ទី២០ ខែកក្កដា ខ្មាន់កាំភ្លើងបានធ្វើការវាយលុកលើភូមិ Gora Gan ក្នុងតំបន់ Zango-Kataf នៅភាគខាងជើងរដ្ឋ Kaduna ប្រទេសនីហ្សេរីយ៉ាដោយបានសម្លាប់មនុស្សចំនួន១០នាក់រួមទាំងមេភូមិ។
ប្រភពសន្តិសុខបានប្រាប់ភ្នាក់ងារព័ត៌មានថា នៅក្នុងចំណោមអ្នកដែលត្រូវបានសម្លាប់គឺមានក្មេងអាយុ០៧ឆ្នាំផងដែរ។ រឿងនេះបានកើតឡើង ក្រោយពីខ្មាន់កាំភ្លើងបានធ្វើការវាយប្រហារទៅលើភូមិ Kukum Daji នៅតំបន់ Kagoro ក្នុងប្រទេសនីហ្សេរីយ៉ា។
យ៉ាងហោចណាស់មានមនុស្សចំនួន២១នាក់ផ្សេងទៀតស្លាប់នៅក្នុងការវាយប្រហារនោះ ខណៈដែលស្ថានភាពរបួសរបស់ជនរងគ្រោះមានកម្រិតខុសៗគ្នា។
លោក Isaac Ango-Makama អនុប្រធានសមាគមគ្រីស្ទាននីហ្សេរីយ៉ានៅតំបន់ Zango-Kataf ដែលបានបញ្ជាក់ពីឧប្បត្តិហេតុនេះមានប្រសាសន៍បញ្ជាក់បន្ថែមថា ផ្ទះជាច្រើននៅតំបន់នោះបានឆេះក្នុងអំឡុងពេលនៃការវាយប្រហារ។
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ផ្សាយថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០