មន្ត្រីក្នុងតំបន់នៅខេត្ត Duhok បាននិយាយថាកងទ័ពទួរគីកំពុងទម្លាក់គ្រាប់បែកលើតំបន់ព្រំដែនឃឺដចំនួន៣ថ្ងៃជាប់ៗគ្នា។ នាពេលថ្មីៗនេះទីក្រុងអង់ការ៉ាបានបើកប្រតិបត្តិការទ្រង់ទ្រាយធំមួយចូលទៅក្នុងទឹកដីតំបន់ឃឺដប្រឆាំងនឹងគណបក្សពលករឃឺដ(PKK)។
ប្រធានរដ្ឋបាលមូលដ្ឋាន Deraluka ស្រុក Amedi នៃខេត្ត Duhok លោក Sami Oshana បានប្រាប់សារព័ត៌មាន BasNews កាលពីថ្ងៃអង្គារនេះថាការទម្លាក់គ្រាប់បែករបស់ទួរគីបានបង្កឱ្យខូចខាតយ៉ាងច្រើនដល់សុខុមាលភាពរបស់ប្រជាជនដែលរស់នៅតាមបណ្តាភូមិដែលស្ថិតនៅតាមព្រំដែន។
លោកបាននិយាយថាការទម្លាក់គ្រាប់បែកនៅតែបន្តសម្រាប់ថ្ងៃទីបីជាប់ៗគ្នាដោយបានបំផ្លាញដីស្រែ និងវាលស្មៅជាច្រើននៅក្នុងតំបន់។ លោក Oshana បានប្រាប់បន្ថែមទៀតថាក្នុងចំណោម៥៧ភូមិនៅក្នុងរដ្ឋបាលមូលដ្ឋាន Deraluka មានភូមិចំនួន៤៥ត្រូវបានធ្វើការជម្លៀសចេញដោយភ័យខ្លាចការប៉ះទង្គិចគ្នាបន្តទៀត។
ជាការកត់សម្គាល់ជនស៊ីវិល៧នាក់ត្រូវបានសម្លាប់ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះដោយសារជម្លោះយោធារវាងប្រទេសទួរគី និងគណបក្សពលករឃឺដ។ អ្នកស្រុក២នាក់ក៏បានបាត់ខ្លួនផងដែរចាប់តាំងពីភាពតានតឹងចាប់ផ្តើម។ មន្ត្រីរូបនេះបានអំពាវនាវជាថ្មីដល់គណបក្សពលករឃឺដឱ្យដកយុទ្ធជនរបស់ខ្លួនចេញពីតំបន់ដែលមានប្រជាជនស៊ីវិល ខណៈវត្តមានរបស់ពួកធ្វើឱ្យមានការទម្លាក់គ្រាប់បែកបន្ថែមទៀត៕