កងកម្លាំងប្រដាប់អាវុធអេហ្ស៊ីបធ្វើប្រត្តិការកម្ចាត់ការវាយប្រហារភេរវកម្មមួយនៅទីតាំងយោធាក្នុងខេត្ត Sinai ដោយបានសម្លាប់សមាជិកភេរវករចំនួន១៨នាក់។
កងទ័ពអេហ្ស៊ីបបានប្រកាសនៅថ្ងៃអង្គារ ដើមសប្តាហ៍នេះថា ពួកគេបានសម្លាប់ភេរវករចំនួន១៨នាក់ នៅពេលដែលកងកម្លាំងរបស់ពួកគេកម្ចាត់ការវាយប្រហារភេរវកម្មដ៏ធំមួយទៅលើទីតាំងយោធាក្នុងខេត្ត Sinai។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកងទ័ពបាននិយាយថា សមាជិកនៃកងកម្លាំងប្រដាប់អាវុធបានកម្ចាត់ការវាយប្រហារភេរវករទៅលើប៉ុស្តិ៍សន្តិសុខមួយនៅតំបន់ Beir al-Abd នៅភាគខាងជើងខេត្ត Sinai។ ប្រភពបន្ថែមថា ការវាយលុកនេះបានបណ្តាលឱ្យទាហានចំនួន០២នាក់ស្លាប់ និងចំនួន០៤នាក់ផ្សេងទៀតរងរបួស។
យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា ក្រុមទាហាននៅប៉ុស្តិ៍បានសហការជាមួយកងកម្លាំងអាកាសធ្វើប្រតិបត្តិការដេញតាមក្រុមភេរវករនៅក្នុងកសិដ្ឋានក្បែរទីតាំងនោះនិងនៅតាមផ្ទះគ្មានមនុស្សរស់នៅ។ ប្រដោយតិបត្តិការនោះបានសម្លាប់មនុស្សចំនួន១៨នាក់ក្នុងនោះមានអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតចំនួន០១នាក់។
ក្រុមទាហានថែមទាំងបានបំផ្លាញរថយន្តចំនួន០៣គ្រឿងក្នុងចំណោមចំនួន០៤គ្រឿងដែលក្រុមភេរវករប្រើប្រាស់ក្នុងការវាយប្រហារ។
ប្រទេសអេហ្ស៊ីបបាននិងកំពុងប្រយុទ្ធប្រឆាំងនឹងរលកនៃសកម្មភាពភេរវកម្មដែលបានសម្លាប់ប៉ូលិស ទាហាន និងជនស៊ីវិលចំនួនរាប់រយនាក់ចាប់តាំងពីមានការបណ្តេញអតីតប្រធានាធិបតីអ៊ីស្លាមលោក Mohamed Morsi នៅខែកក្កដា ឆ្នាំ២០១។
នៅក្នុងប្រតិបត្តិការឆ្លើយតប កងកម្លាំងសន្តិសុខអេហ្ស៊ីបសម្លាប់ភេរវករចំនួនរាប់រយនាក់ និងបានចាប់ខ្លួនជនសង្ស័យចំនួនរាប់ពាន់នាក់ក្នុងអំឡុងពេលមានសង្គ្រាមប្រឆាំងអំពើភេរវកម្មក្នុងប្រទេសអេហ្ស៊ីប។
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ផ្សាយថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០