ការប៉ះទង្គិច​ដ៏​សាហាវ​មួយ​បានសម្លាប់​ឧទ្ទាម Houthi ចំនួន០៤នាក់​ក្នុងប្រទេស​យេ​ម៉ែន

0

នៅ​ថ្ងៃ​ពុធ ទី២២ ម្សិលមិញ​នេះ មាន​ហេតុការណ៍​ប៉ះទង្គិច​គ្នា​ដោយ​អំពើហិង្សា​នៅក្នុង​ទីក្រុង​កំពង់ផែ​សមុទ្រ​ក្នុងប្រទេស​យេ​ម៉ែន ដោយបាន​សម្លាប់​សមាជិក​ឧទ្ទាម Houthi ចំនួន០៤នាក់ និង​បណ្តាល​ឲ្យ​ទាហាន​ចំនួន០២នាក់​ស្លាប់។

ប្រភព​សន្តិសុខ​ក្នុង​តំបន់​បាន​ប្រាប់​ភ្នាក់ងារ​សារព័ត៌មាន​ថា សមាជិក​ឧទ្ទាម Houthi ចំនួន០៤នាក់ និង​ទាហាន​ចំនួន០២នាក់​ត្រូវបាន​សម្លាប់​នៅ​ថ្ងៃ​ពុធ​ក្នុង​ហេតុការណ៍​ប៉ះទង្គិច​គ្នា​ដោយ​អំពើហិង្សា​នៅក្នុង​ទីក្រុង​កំពង់ផែ​សមុទ្រ​ក្រហម​របស់​ប្រទេស​យេ​ម៉ែន។

ប្រភព​ដដែល​បាន​និយាយ​ក្នុង​លក្ខខណ្ឌ​អនាមិក​ថា មនុស្ស​ចំនួន​ជាច្រើន​នាក់​មកពី​កងកម្លាំង​សង្គ្រាម​ទាំងពីរ​ភាគី​បាន​រងរបួស​នៅក្នុង​ការប៉ះទង្គិច​គ្នា​នៅ​ស្រុក At-Tuhayta ក្នុងទីក្រុង​កំពង់ផែ​ភាគខាងត្បូង។

ទីក្រុង Hodeidah ធ្លាប់​ទទួលបាន​បទ​ឈប់​បាញ់​គ្នា​ដ៏​រង្គោះរង្គើ​រវាង​កងក​ម្លាំ​ង​រដ្ឋាភិបាល​របស់​ប្រធានាធិបតី Abd-Rabbu Mansour Hadi និង​ក្រុម​ឧទ្ទាម Houthi ចាប់តាំងពី​ភាគី​ទាំងពីរ​បាន​ឈានដល់​កិច្ចព្រមព្រៀង​ឈប់​បាញ់​ដោយ​ទទួលបាន​ការគាំទ្រ​ពី​អង្គការសហប្រជាជាតិ​នៅ​ទីក្រុង Stockholm នៅ​ខែធ្នូ ឆ្នាំ២០១៨ ។

ផ្នែក​មួយ​នៃ​ទីក្រុង​កំពង់ផែ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ក្រុម​ឧទ្ទាម Houthi ខណៈដែល​កម្លាំង​រដ្ឋាភិបាល​បាន​គ្រប់គ្រង​តំបន់​ជាយក្រុង​ភាគខាងត្បូង និង​ភាគ​ខាងកើត។

គួរ​រំលឹក​ផងដែរ​ថា ប្រទេស​យេ​ម៉ែន​បាន​ធ្លាក់​ក្នុង​សង្គ្រាមស៊ីវិល​ចាប់តាំងពី​ចុងឆ្នាំ២០១៤ នៅពេលដែល​ក្រុម Houthi គាំទ្រ​ដោយ​អ៊ីរ៉ង់​បាន​កាន់កាប់​តំបន់​ជាច្រើន​នៅ​ភាគ​ខាងជើង​ប្រទេស និង​បាន​បង្ខំ​ឱ្យ​រដ្ឋាភិបាល​របស់លោក​ប្រធានាធិបតី Hadi ដែល​គាំទ្រ​ដោយ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ចេញពី​រដ្ឋធានី Sanaa ។

ប្រែ​សម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន ទីភ្នាក់ងារស៊ីនហួ

LEAVE A REPLY

Please enter your comment!
Please enter your name here