មេដឹកនាំក្នុងតំបន់ និងសហគមន៍បាននិយាយកាលពីថ្ងៃពុធនេះថាក្រុមខ្មាន់កាំភ្លើងដែលជិះម៉ូតូនៅភាគខាងជើងប្រទេសនីហ្សេរីយ៉ាបានសម្លាប់មនុស្សចំនួន១១នាក់។
ការវាយប្រហារនេះកើតឡើងកាលពីថ្ងៃច័ន្ទមួយថ្ងៃបន្ទាប់ពីក្រុមអ្នកវាយប្រហារបានបាញ់សម្លាប់ភ្ញៀវដែលចូលរួមអាពាហ៍ពិពាហ៍មួយកន្លែងបណ្តាលឱ្យស្លាប់១៨នាក់ស្ថិតនៅក្នុងភូមិក្បែរនោះ។
លោក Elias Manza ប្រធានរដ្ឋបាលស្រុក Zangon Kataf បាននិយាយថាខ្មាន់កាំភ្លើងបានវាយលុកភូមិ Gora Gan ក្នុងរដ្ឋ Kaduna បន្ទាប់ពីមេឃងងឹត ហើយបានបើកការបាញ់ប្រហារមកលើប្រជាជនបណ្តាលឱ្យប្រជានជន់១១នាក់បានស្លាប់ និងរបួស១៥នាក់ផ្សេងទៀត។
ក្រុមអ្នកវាយប្រហារក៏បានដុតផ្ទះមួយកន្លែង ព្រះវិហារមួយកន្លែង ឡាននិងម៉ូតូ៧គ្រឿង។
មេដឹកនាំសហគមន៍លោក Jonathan Asake បាននិយាយថាមនុស្សរាប់រយនាក់បានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេដោយសារការភ័យខ្លាចការវាយប្រហារជាថ្មី។
លោក Jonathan បាននិយាយទៀតថាមនុស្សសរុបចំនួន៥៥៩នាក់មានការភ័យខ្លាចចំពោះការវិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញ ហើយកំពុងជ្រកកោននៅក្នុងសាលាបឋមសិក្សាមួយក្នុងទីក្រុង Zonkwa ដែលស្ថិតនៅក្បែនោះ។
ភាគខាងត្បូងរដ្ឋ Kaduna ត្រូវបានបំផ្លាញដោយជម្លោះជាយូរមកហើយរវាងក្រុមអ៊ីស្លាម Fulani និងកសិករដែលជាគ្រិស្ដសាសនិកជនជាតិដើមអំពីសិទ្ធិចិញ្ចឹមសត្វ និងទឹក។
គួររំលឹកថាមានការផ្ទុះឡើងនៃការសំលាប់មនុស្សជាច្រើននាក់រវាងក្រុមទាំងពីរនៅក្នុងពេលថ្មីៗនេះដែលជំរុញអោយអាជ្ញាធររដ្ឋផ្តួចផ្តើមបទឈប់បាញ់ដែលមិនបានជោគជ័យ។ ប្រធានាធិបតីនីហ្សេរីយ៉ាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារនេះថាអំពើហិង្សាមានភាពស្មុគស្មាញ។
សេចក្តីថ្លែងការណ៍នោះបានបន្ថែមទៀតថា “ការសម្លាប់ការសងសឹកកំពុងធ្វើឱ្យមានជម្លោះកាន់តែធ្ងន់ធ្ងរឡើង និងធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងរបស់បុគ្គលិកសន្តិសុខមានការពិបាកក្នុងការបញ្ចប់អំពើហិង្សា។
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី ២២ ខែកក្តដា ឆ្នាំ២០២០