ហេតុការណ៍បាញ់ប្រហារមួយបានកើតឡើងនៅកណ្តាលរដ្ឋកាលីហ្វ័រញ៉ាបណ្តាលឲ្យមនុស្សចំនួន០៧នាក់រងរបួស។
អាជ្ញាធរបាននិយាយថា មនុស្សចំនួន០៧នាក់បានរងរបួសនៅព្រឹកថ្ងៃសៅរ៍ក្នុងហេតុការណ៍បាញ់ប្រហារមួយនៅកណ្តាលរដ្ឋកាលីហ្វ័រញ៉ា។
មន្ត្រីល្បាតតាមមហាវិថីក្នុងរដ្ឋកាលីហ្វ័រញ៉ាបានរាយការណ៍ជាដំបូងថា អង្គភាពរបស់ខ្លួនស្ថិតនៅលើផ្លូវ4400 Woodward ក្នុងទីក្រុង Manteca។ ដំបូងពួកគេបានលឺស្នូរកាំភ្លើងជាច្រើន ក្រោយមកពួកគេបានឃើញមនុស្សម្នារត់ចេញ។
ការិយាល័យប៉ូលិសប្រចាំតំបន់ San Joaquin និងភ្នាក់ងារអនុវត្តច្បាប់ដទៃទៀតបានធ្វើការឆ្លើយតបចំពោះការបាញ់ប្រហារនោះភ្លាមៗ។ ការិយាល័យនោះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “មានពិធីជប់លៀងដ៏ធំមួយ ហើយមានមនុស្សម្នាក់បានបង្ហាញខ្លួន និងចាប់ផ្តើមធ្វើការបាញ់ប្រហារទៅលើហ្វូងមនុស្ស”។ ជនសង្ស័យនោះត្រូវបានគេពណ៌នាថា ជាបុរសស្បែកខ្មៅ និងពាក់មួកខ្មៅ ថែមទាំងប្រដាប់ដោយអាវុធ។
ជនរងគ្រោះចំនួន០២នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរហើយចំនួន០៥នាក់ផ្សេងទៀតត្រូវសម្រាកដើម្បីទទួលការព្យាបាល និងក្រោយមកក៏ត្រូវបានអនុញ្ញាតិឲ្យត្រលប់ទៅផ្ទះវិញ។ជនរងគ្រោះចំនួន០២នាក់ជាអនីតិជន និងជនរងគ្រោះផ្សេងទៀតជាមនុស្សពេញវ័យ។
សេចក្តីថ្លែងការណ៍បញ្ជាក់ថា ការស៊ើបអង្កេតអំពីឧប្បត្តិហេតុកំពុងតែបន្ត៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ផ្សាយថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០