ឧទ្ទាម IS វាយប្រហារក្នុងប្រទេសអ៊ីរ៉ាក់សម្លាប់មន្ត្រី០២នាក់ និងឆ្មាំយាមព្រំដែន០១នាក់

0

សកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) បានធ្វើការវាយប្រហារចំនួនពីរលើកនៅថ្ងៃអង្គារ ទី២៨ ដើមសប្តាហ៍នេះនៅភាគខាងលិចប្រទេសអ៊ីរ៉ាក់ ដោយបានសម្លាប់មន្រ្តីអ៊ីរ៉ាក់ចំនួន០២នាក់ និងឆ្មាំយាមព្រំដែនម្នាក់។

យោធាអ៊ីរ៉ាក់បាននិយាយថា មន្រ្តីអ៊ីរ៉ាក់ចំនួន០២នាក់ និងឆ្មាំយាមព្រំដែនម្នាក់ត្រូវបានសម្លាប់នៅពីថ្ងៃអង្គារ ទី២៨ ដើមសប្តាហ៍នេះ នៅក្នុងការវាយប្រហារចំនួនពីរលើករបស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) នៅភាគខាងលិចប្រទេសអ៊ីរ៉ាក់។

ការិយាល័យសារព័ត៌មាននៃទីបញ្ជាការប្រតិបត្តិការរួមអ៊ីរ៉ាក់ (JOC) បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយថា នៅក្នុងឧប្បត្តិនោះ លោកឧត្តមសេនីយ៍ទោ Ahmed al-Lami មេបញ្ជាការកងពលតូចទី២៩ នៃកងពលថ្មើរជើងលេខ៧ ត្រូវបានសម្លាប់នៅពេលលោកកំពុងដេញតាមសមាជិកសកម្មប្រយុទ្ធ IS នៅក្នុងតំបន់ Heet ដែលមានចម្ងាយប្រហែល ១៦០គីឡូម៉ែត្រនៅខាងលិចទីក្រុងបាដាដ ។

លោក Al-Lami បានដឹកនាំកងកម្លាំងក្នុងការដេញតាមសមាជិកឧទ្ទាម IS ដែលកំពុងរត់គេចខ្លួន ក្រោយពីសមាជិកឧទ្ទាមធ្វើការវាយប្រហារទៅលើប៉ុស្តិ៍ត្រួតពិនិត្យរបស់កងទ័ព ដោយសម្លាប់មន្រ្តីម្នាក់ និងបណ្តាលឲ្យទាហានចំនួន០២នាក់រងរបួសនៅក្នុងតំបន់ Heet។

មន្រ្តីការពារព្រំដែនម្នាក់បានភ្នាក់ងារសារព័ត៌មានថា នៅក្នុងឧប្បត្តិហេតុដាច់ដោយឡែកមួយផ្សេងទៀតក្រុមសកម្មប្រយុទ្ធ IS បានបើកការបាញ់ទៅលើឆ្មាំការពារព្រំដែនអ៊ីរ៉ាក់នៅក្បែរចំណុចឆ្លងកាត់ Arar នៅព្រំដែនរវាងប្រទេសអ៊ីរ៉ាក់ និងប្រទេសអារ៉ាប់ប៊ីសាអូឌីតដោយបានសម្លាប់ឆ្មាំព្រំដែនចំនួន០១នាក់ និងបណ្តាលឲ្យឆ្មាំចំនួន០៤នាក់ផ្សេងទៀតរងរបួសមុនពេលភេរវករទាំងនោះភៀសខ្លួនចូលទៅតំបន់វាលខ្សាច់។

ស្ថានភាពសន្តិសុខនៅអ៊ីរ៉ាក់មានភាពប្រសើរឡើងចាប់តាំងពីកងកម្លាំងសន្តិសុខអ៊ីរ៉ាក់បានកម្ចាត់ក្រុមសកម្មប្រយុទ្ធ IS នៅទូទាំងប្រទេសនៅចុងឆ្នាំ២០១៧ ។

ទោះជាយ៉ាងណាក៏ដោយ សមាជិកឧទ្ទាម IS នៅសេសសល់បានបង្កប់ខ្លួននៅតាមតំបន់ទីក្រុង ឬវាលខ្សាច់និងតំបន់រឹងមាំផ្សេងទៀត ដោយធ្វើការវាយប្រហារឆ្មក់ជាញឹកញាប់ប្រឆាំងនឹងកងកម្លាំងសន្តិសុខ និងជនស៊ីវិល។

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua​ ផ្សាយឡើងវិញថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here