រ៉ុក្កែតចំនួន០២គ្រាប់បានវាយប្រហារលើអាកាសយានដ្ឋានក្នុងរដ្ឋធានីអ៊ីរ៉ាក់

0

នៅថ្ងៃព្រហស្បតិ៍ ទី៣០ ម្សិលមិញនេះ មានគ្រាប់រ៉ុក្កែត Katyusha ចំនួន២គ្រាប់បានធ្លាក់នៅអាកាសយានដ្ឋានអន្តរជាតិ Baghdad ដោយមិនបានបណ្តាលឲ្យមានមនុស្សស្លាប់ និងរបួស។

យោធាអ៊ីរ៉ាក់បាននិយាយថា គ្រាប់រ៉ុក្កែត Katyusha ចំនួន២គ្រាប់បានធ្លាក់នៅអាកាសយានដ្ឋានអន្តរជាតិ Baghdad នៅថ្ងៃព្រហស្បតិ៍ ម្សិលមិញដោយមិនបណ្តាលឱ្យមានមនុស្សស្លាប់ និងរងរបួសនោះទេ។

ការិយាល័យប្រព័ន្ធផ្សព្វផ្សាយនៃបញ្ជាការប្រតិបត្តិការចម្រុះអ៊ីរ៉ាក់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារនោះបានកើតឡើងនៅពេលល្ងាច ដោយមានគ្រាប់រ៉ុក្កែតចំនួន០២គ្រាប់ត្រូវបានបាញ់ចេញពីតំបន់ Radhwaniyah នៅភាគនិរតីនៃរដ្ឋធានី។

រហូតមកដល់ពេលនេះមិនទាន់មានក្រុមណាមួយចេញមុខទទួលខុសត្រូវចំពោះការវាយប្រហារដោយគ្រាប់រ៉ុក្កែតនេះទេ។

អាកាសយានដ្ឋានទីក្រុងបាកដាដ និងមូលដ្ឋានទ័ពអ៊ីរ៉ាក់ជាកន្លែងស្នាក់នៅរបស់កងទ័ពសហរដ្ឋអាមេរិកនៅទូទាំងប្រទេសអ៊ីរ៉ាក់ក៏ដូចជាស្ថានទូតសហរដ្ឋអាមេរិកនៅតំបន់បៃតងរងការវាយប្រហារជាញឹកញាប់ពីកាំភ្លើងធំ និងគ្រាប់រ៉ុក្កែត។

ទំនាក់ទំនងរវាងប្រទេសអ៊ីរ៉ាក់ និងសហរដ្ឋអាមេរិកបានបង្កើតភាពតានតឹងចាប់តាំងពីថ្ងៃទី ០៣ ខែមករាមក នៅពេលដែលយន្តហោះគ្មានមនុស្សបើករបស់សហរដ្ឋអាមេរិកបានវាយប្រហារលើក្បួនរថយន្តមួយនៅឯព្រលានយន្តហោះ Baghdad និងបានសម្លាប់លោក Qassem Soleimani ដែលជាអតីតមេបញ្ជាការកងកំកម្លាំងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់និងលោក Abu Mahdi al-Muhandis នាយរងសេនាធិការយោធាអ៊ីរ៉ាក់នៃកម្លាំង Hashd Shaabi។

ការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកបានជម្រុញឱ្យសភាអ៊ីរ៉ាក់ នៅថ្ងៃទី០៥ ខែមករា អនុម័តដំណោះស្រាយមួយដែលតម្រូវឲ្យរដ្ឋាភិបាលបញ្ចប់វត្តមានរបស់កងកម្លាំងបរទេសនៅក្នុងប្រទេស។

គួរបញ្ជាក់ផងដែរថា កម្លាំងទ័ពសហរដ្ឋអាមេរិកចំនួនច្រើនជាង៥០០០នាក់ត្រូវគេដាក់ពង្រាយក្នុងប្រទេសអ៊ីរ៉ាក់ដើម្បីគាំទ្រដល់កងកម្លាំងអ៊ីរ៉ាក់ប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមជាពិសេសសម្រាប់គោលបំណងបណ្តុះបណ្តាលនិងប្រឹក្សាយោបល់។

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ផ្សាយឡើងវិញថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here