គ្រាប់បែកមួយបានផ្ទុះនៅខាងក្រៅបរិវេណពន្ធនាគារនៅក្នុងទីក្រុង Jalalabad នៅភាគខាងកើតប្រទេសអាហ្វហ្គានីស្ថានដោយបានសម្លាប់មនុស្សចំនួន០១នាក់។ ការប៉ះទង្គិចគ្នាក៏បានផ្ទុះឡើងរវាងប៉ូលិស និងក្រុមសកម្មប្រយុទ្ធដែលបានចូលទៅក្នុងពន្ធនាគារ។
សមាជិកក្រុមប្រឹក្សាខេត្តលោក Sohrab Qaderi មានប្រសាសន៍ថា ការបំផ្ទុះគ្រាប់បែកក្នុងរថយន្តដ៏ធំមួយបានកើតឡើងជាបន្ត ក្រោយពីមានហេតុការផ្ទុះតូចៗចំនួនពីររួចនៅក្បែរអគារពន្ធនាគារនោះ។
កម្លាំងប៉ូលិសដ៏ធំមួយត្រូវបានដាក់ពង្រាយដើម្បីប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធដែលបានកាន់កាប់ទីតាំងនៅខាងក្រៅបរិវេណនោះ ហើយចាប់តាំងពីពេលនោះមក សមត្ថកិច្ចបានចូលទៅក្នុងបរិវេណកន្លែងកើតហេតុ។
រដ្ឋអ៊ីស្លាម (IS កាលពីមុនជា ISIS / ISIL) បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារតាមរយៈទីភ្នាក់ងារសារព័ត៌មាន Amaq របស់ខ្លួន។
គួររំលឹកផងដែរថា រដ្ឋាភិបាលអាហ្វហ្គានីស្ថានទើបតែបានដោះលែងអ្នកទោសតាលីបង់ចំនួនរាប់រយនាក់ក្នុងអំឡុងបទឈប់បាញ់រយៈពេល០៣ថ្ងៃនៃថ្ងៃឈប់សម្រាកអ៊ីស្លាម Eid al-Adha ខណៈដែលភាគីទាំងពីរត្រៀមសម្រាប់កិច្ចចរចាសន្តិភាពថ្មី។ កិច្ចពិភាក្សាត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមនៅខែមីនា ក្រោមកិច្ចព្រមព្រៀងមួយដែលបានចុះហត្ថលេខាជាមួយសហរដ្ឋអាមេរិកក្នុងខែកុម្ភៈ ប៉ុន្តែក្រោយមកត្រូវបានពន្យារពេលដោយសារតែមានការប៉ះទង្គិចគ្នាជុំវិញការដោះ លែងអ្នកទោស។
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន RT ផ្សាយឡើងវិញថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០