នៅម៉ោង០៦និង៣០នាទីម៉ោងក្នុងស្រុកនៅថ្ងៃអាទិត្យ ទី០២ សប្តាហ៍មុន មានការប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញរវាងកងកម្លាំងអាហ្វហ្គានីស្ថាន និងអ្នកវាយប្រហារ ហើយក្រោយពីបានធ្វើការប្រយុទ្ធគ្នាអស់រយៈពេល២០ម៉ោង កងកម្លាំងអាហ្វហ្គានីស្ថានអាចសម្លាប់អ្នកវាយប្រហារទាំង០៨នាក់។
អ្នកនាំពាក្យរដ្ឋបាលខេត្តលោក Attaullah Khogiani មានប្រសាសន៍ថា កងកម្លាំងអាហ្វហ្គានីស្ថានបន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញជិត២០ម៉ោងអាចសម្លាប់អ្នកវាយប្រហារទាំង 0៨នាក់នៅពន្ធនាគារខេត្ត Nangarhar នៅក្នុងទីក្រុង Jalalabad។
ប្រភពដដែលបន្តថា មានមនុស្សសរុបចំនួន៣៧នាក់ ដោយក្នុងនោះមានអ្នកវាយប្រហារ ចំនួន០៨នាក់ និងមនុស្សចំនួន ២៩នាក់ផ្សេងទៀតរួមមានទាំងជនស៊ីវិល បុគ្គលិកសន្តិសុខ ឆ្មាំពន្ធនាគារ និងអ្នកទោស ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធបង្ហូរឈាម។ ហេតុការណ៍នោះកើតឡើងនៅម៉ោង០៦ និង ៣០នាទីម៉ោងក្នុងស្រុកនៅថ្ងៃអាទិត្យ ទី០២សប្តាហ៍មុន ក្រោយពីមានហេតុការណ៍បំផ្ទុះគ្រាប់បែកនៅមុខទ្វារគុករួច។
លោក Khogiani អះអាងថា មនុស្សចំនួន៥០នាក់ផ្សេងទៀតបានរងរបួស។
សមាជិករដ្ឋអ៊ីស្លាម (IS) ដែលប្រកាន់គោលការណ៍តឹងរឹងបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារដ៏សាហាវនេះ។
យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋបាលខេត្ត Nangarhar បានឲ្យដឹងថា មានជនជាប់ឃុំចំនួន ១ ៧៩៣នាក់ ដោយនៅក្នុងនោះមានសមាជិកសកម្មប្រយុទ្ធ IS ចំនួន៣០០នាក់ សមាជិកក្រុមឧទ្ទាមតាលីបង់ និងអ្នករត់ពន្ធគ្រឿងញៀន។ អ្នកជាប់ឃុំទាំងនោះមានវត្តមាននៅទីតាំងកើតហេតុដែលជាការរវាយប្រហារលើពន្ធនាគារនៅទីក្រុង Jalalabad ដែលមានចម្ងាយ ១២០គីឡូម៉ែត្រនៅភាគខាងកើតនៃទីក្រុងកាប៊ុល។ យោងតាមប្រភពដែលសុំមិនបញ្ចេញឈ្មោះបានអោយដឹងថា អ្នកទោសមួយចំនួនបានបាត់ខ្លួន។
លោក Zabihullah Mujahid ដែលអះអាងថា ចេញមុខនិយាយសម្រាប់ក្រុមតាលីបង់ក្នុងការទាក់ទងជាមួយប្រព័ន្ធផ្សព្វផ្សាយបានច្រានចោលការពាក់ព័ន្ធរបស់ក្រុមប្រដាប់អាវុធរបស់ខ្លួននៅក្នុងការវាយប្រហារដ៏ឃោរឃៅមួយនេះ ដោយលោកមានប្រសាសន៍ថា សមាជិកតាលីបង់គ្មានទំនាក់ទំនងនឹងការវាយប្រហារនេះទេ។
យោងតាមអភិបាលរងខេត្ត Nangarhar លោក Tamim Aref បានបញ្ជាក់ឲ្យដឹងថា គោលបំណងរបស់អ្នកវាយប្រហារគឺដើម្បីសំលាប់សមាជិកក្រុមប្រឆាំង និងដោះលែងអ្នកស្មោះត្រង់របស់ឧទ្ទាម IS ។ នេះគឺជាការវាយប្រហារដែលសម្លាប់មនុស្សច្រើនបំផុតលើគោលដៅខ្ពស់ ដែលទាមទារដោយក្រុមរដ្ឋអ៊ីស្លាម ចាប់តាំងពីមានការវាយប្រហារដោយបន្លំឯកសណ្ឋានកងកម្លាំងប្រដាប់អាវុធនៅខេត្ត Nangarhar របស់ប្រទេសអាហ្វហ្គានីស្ថាននៅដើមឆ្នាំ២០១៥ ។
ការវាយប្រហារនោះកើតឡើងក្រោយពីមានឃាតកម្មលើប្រមុខចារកម្ម IS នៅក្នុងប្រទេសអាហ្វហ្គានីស្ថានលោក Assadullah Orakzai នៅខាងក្រៅទីក្រុង Jalalabad នៅរយៈពេលប៉ុន្មានថ្ងៃមុន។
សរុបមក ក្រុមអ្នកឃ្លាំមើលអាហ្វហ្គានីស្ថានបានស្តីបន្ទោសលើភាពកង្វះការប្រុងប្រយ័ត្នលើផ្នែកសន្តិសុខដែលបណ្តាលឲ្យមានការវាយប្រហារលើពន្ធនាគារ។
ប្រែសម្រួល៖ ប៉ោក លក្ខិណា