ហេតុការណ៍ផ្ទុះគ្រាប់បែកមួយបានកើតឡើងនៅខាងក្រៅស្នងការដ្ឋាននគរបាលនៅក្នុងខេត្ត Farah ខាងលិចប្រទេសអាហ្វហ្គានីស្ថាន ដោយសម្លាប់មនុស្សយ៉ាងហោចណាស់ចំនួន០៤នាក់ និងបណ្តាលឲ្យមនុស្សចំនួន១០នាក់ផ្សេងទៀតរងរបួស។
លោកវេជ្ជបណ្ឌិត Abdul Jabar Shaiq មកពីនាយកសុខាភិបាលខេត្តប្រាប់ភ្នាក់ងារសារព័ត៌មានថា មនុស្សចំនួន០៤នាក់ស្លាប់ និងមនុស្សចំនួន១០នាក់ផ្សេងទៀតដែលរងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្ត។
លោកបន្ថែមថា ចំនួនអ្នកស្លាប់ និងរបួសអាចនឹងប្រែប្រួល។ កងកម្លាំងសន្តិសុខបានឡោមព័ទ្ធតំបន់នោះ។ លោក Muhibullah Muhib ប៉ូលិសខេត្តប្រាប់ភ្នាក់ងារព័ត៌មានថា ហេតុការណ៍ផ្ទុះនោះបណ្តាលអោយមានផ្សែងក្រាស់ៗហុយទៅលើមេឃ និងបង្កជាភាពភិតភ័យនៅអង្គភាពប៉ូលិសសង្កាត់លេខ៤ក្នុងទីក្រុង។
ប្រភពព័ត៌មានក្រៅផ្លូវការនិយាយថា ការផ្ទុះនេះបណ្តាលមកពីអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់បានបំផ្ទុះត្រីចក្រយានយន្តដោយកំណត់គោលដៅលើមន្ត្រីស៊ើបការណ៍ដែលធ្វើដំណើរឆ្លងកាត់ខេត្តនៅម៉ោង០៦និង៤០នាទីម៉ោងក្នុងស្រុក។
ពុំទាន់មានក្រុមណាមួយប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ។
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ផ្សាយថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០