កងកម្លាំង​ការពារជាតិ​សម្លាប់​ភេរវ​ករ​ចំនួន៥៩នាក់​នៅ​ភាគ​ខាងជើង​ប្រទេស Mozambique

0

កងកម្លាំង​ការពារ និង​សន្តិសុខ Mozambique  (FDS) ប្រកាស​នៅ​ថ្ងៃ​ពុធ​ថា ក្រុម​ភេរ​វករ ចំនួន ៥៩នាក់​ត្រូវ​កម្លាំង​ការពារជាតិ​សម្លាប់​នៅ​សប្តាហ៍​មុន​ក្នុង​ខេត្ត Cabo Delgado ភាគ​ខាងជើង​ប្រទេស។

មេបញ្ជាការ​របស់​កម្លាំង FDS និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ក្រុម​ភេរ​វករ​ព្យាយាម​គ្រប់គ្រង​ស្រុក Mocimboa da Praia អស់​រយៈពេល​មួយ​សប្តាហ៍ ហើយ​ពួកគេ​បាន​ជ្រៀតចូល​សហគមន៍​មុន​ពេលធ្វើ​សកម្មភាព​វាយប្រហារ​លើ​ភូមិ​នានា។

នៅក្នុង​សកម្មភាព​ការពារ​ប្រជាជន​ប្រឆាំងនឹង​សកម្មភាព​ភេរវកម្ម កងកម្លាំង​ការពារ និង​សន្តិសុខ​ទទួលបាន​លទ្ធ​ផល​ពី​ប្រតិបត្តិការផ្សេងៗ ដោយបាន​សម្លាប់​មនុស្ស​ចំនួន៥៩ នាក់​ពី​ក្រុម​ភេរ​វករ និង​បំផ្លាញ​ជំរុំ​ចំនួន០៦ ដែល​ភេរ​វករ​ប្រើប្រាស់។

កម្លាំង FDS បញ្ជាក់​ម្តងទៀត​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​ពី​ការប្តេជ្ញាចិត្ត​ស្តារសណ្តាប់ធ្នាប់ និង​សន្តិសុខ​សាធារណៈ​នៅក្នុង​តំបន់​នេះ​ឡើងវិញ ដោយ​បន្ថែមថា ប្រតិបត្តិការ​ប្រឆាំងនឹង​ការវាយលុក​របស់​ពួកគេ​អនុវត្ត​ដើម្បី​បង្ក្រាប​ភេរវជន​ដែល​ប្រើប្រាស់​ប្រជាជន​ជា​ខែល​នៅក្នុង​តំបន់​ដែល​ស្ថិតនៅក្រោម​ការត្រួតត្រា។ របាយការណ៍​នោះ​មាន​សេចក្តី​ថា៖

“យើង​អំពាវនាវ​ឱ្យមាន​ការសហការ​គ្នា​ដើម្បី​រាយការណ៍​ពី​អត្ថិភាព ឬ​ចលនា​ចម្លែក (របស់​ជនប្រដាប់អាវុធ) នៅ​ផ្នែក​ណាមួយ​លើទឹក​ដី”៕

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ផ្សាយ​ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here