ក្រុមភេរវកម្មមានមូលដ្ឋាននៅមជ្ឈឹមបូព៌ា បានកំណត់គោលដៅអ្នកឆ្លើយតបដំបូងរបស់ជនជាតិអាមេរិកនៅក្នុងការឆបោកតាមអ៊ីនធឺណេត យោងតាមសម្តីរបស់ព្រះរាជអាជ្ញាសហព័ន្ធកាលពីថ្ងៃពុធ។ ក្រុមនេះត្រូវបានគេចោទប្រកាន់ថាកំពុងព្យាយាមរៃអង្គាសប្រាក់ ដោយការផ្តល់ជូននូវឧបករណ៍ការពារផ្ទាល់ខ្លួនរបស់មនុស្សក្លែងបន្លំនៅពេលមានការខ្វះខាតយ៉ាងខ្លាំង ខណៈជំងឺរាតត្បាតឆ្លងរាលដាលកូវីដ១៩។
ជាមួយនេះសកម្មប្រយុទ្ធ ISIS រងការចោទប្រកាន់ថា បានប្រើគេហទំព័រ facemaskcenter.com ជាមុខសម្រាប់ការលាក់បាំងរបាំងការពារក្លែងក្លាយ N-95 នេះបើយោងតាមមន្ត្រីជាន់ខ្ពស់នៃក្រសួងយុត្តិធម៌។ គោលដៅរបស់ពួកគេរួមមានមន្ទីរពេទ្យ គិលានុបដ្ឋាយិកា និងអ្នកឆ្លើយតបដំបូង។
“ពួកគេមានប្រតិបត្តិការតាមអ៊ីនធឺរណែត និងនៅទីនេះពួកគេបានប្រែក្លាយប្រតិបត្ដិការនោះ ដើម្បីបង្កើតវេបសាយក្លែងបន្លំទាំងនេះ ដើម្បីរកប្រាក់ដើម្បីឧបត្ថម្ភដល់អំពើភេរវកម្ម។ នៅពេលដែលអ្នកគិតថា អ្នកបានចំណាយប្រាក់សម្រាប់របាំងដែលអ្នកត្រូវការ” យោងតាមជំនួយការអគ្គព្រះរាជអាជ្ញារងនៃផ្នែកសន្តិសុខជាតិលោក John Demers បានប្រាប់ CBS News ។
នេះបើតាមមន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ប្រាប់ CBS News នោះ គឺជាការក្លែងបន្លំ ISIS COVID-១៩ “គ្រាន់តែមួយចំណែក” នៃសកម្មភាពឧក្រិដ្ឋទូទៅដែលត្រូវបានបង្កើតឡើង ដើម្បីរាលដាលការភ័យខ្លាចជុំវិញវីរុស។
អ្នកស៊ើបអង្កេតមកពីនាយកដ្ឋានយុត្តិធម៌ ទីភ្នាក់ងារ FBI កងសន្តិសុខមាតុភូមិ និង IRS ក៏បានរកឃើញថាភេរវករពីអាល់កៃដា និងហាម៉ាសបានប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមនិងប្រព័ន្ធលុយអេឡិចត្រូនិក Cryptocurrency ដើម្បីរៃអង្គាសប្រាក់សម្រាប់អាវុធ និងប្រតិបត្តិការ។
ទន្ទឹមនឹងនេះ អាជ្ញាធរសហរដ្ឋអាមេរិកបានរឹបអូសយកទឹកប្រាក់ចំនួន ២លានដុល្លារ និងគណនី Cryptocurrency ជាង ៣០០គណនី នៅក្នុងអ្វីដែលបានពិពណ៌នាថាជាករណីធំបំផុត៕
អ្នកប្រែសម្រួល៖ ឱក សុវណ្ណារ័ត្ន
ប្រភពព័ត៌មានពី CBS NEWS ចេញផ្សាយថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០