ប្រទេសតួកគីបានជួយសង្គ្រោះអ្នកស្វែងរកសិទ្ធិជ្រកកោនចំនួន២៥នាក់ នៅសមុទ្រ Aegean

0

អ្នកស្វែងរកសិទ្ធិជ្រកកោនត្រូវបានជួយសង្គ្រោះនៅឯឆ្នេរសមុទ្រនៃខេត្ត Balikesir បន្ទាប់ពីត្រូវបានរុញច្រានមកវិញដោយឆ្មាំសមុទ្រក្រិក។

ប្រទេសតួកគីបានជួយសង្គ្រោះអ្នកស្វែងរកសិទ្ធិជ្រកកោនចំនួន២៥នាក់ ដែលត្រូវបានគេរុញច្រានឲ្យវិលត្រឡប់ទៅវិញ ដោយឆ្មាំសមុទ្រក្រិក ពេលចូលទៅក្នុងដែនទឹកប្រទេសតួកគីនៅសមុទ្រ Aegean នេះបើតាមប្រភពសន្តិសុខកាលពីថ្ងៃសុក្រ។

ទន្ទឹមនឹងនេះអ្នកស្វែងរកសិទ្ធិជ្រកកោនត្រូវបានគេជួយសង្គ្រោះចេញពីទូកកៅស៊ូមួយ នៅឯឆ្នេរសមុទ្រ នៃទីក្រុង Ayvalik ខេត្ត Balikesir ភាគខាងលិចប្រទេសតួកគី យោងតាមប្រភពដែលសុំមិនបញ្ចេញឈ្មោះ ព្រោះមានការរឹតត្បិតលើការនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ។

ហើយប្រភពបានបន្ថែមថា ក្រុមនេះបានព្យាយាមទៅដល់កោះ Lesbos របស់ប្រទេសក្រិក។

បន្ទាប់ពីការត្រួតពិនិត្យជាប្រចាំ អ្នកស្វែងរកសិទ្ធិជ្រកកោនត្រូវបានបញ្ជូនទៅកាន់អាជ្ញាធរទេសន្តរប្រវេសន៍ខេត្ត។

គួរបញ្ជាក់ថា ប្រទេសតួកគី ជាចំណុចឆ្លងកាត់ដ៏សំខាន់មួយសម្រាប់អ្នកស្វែងរកសិទ្ធិជ្រកកោន ដែលមានបំណងឆ្លងកាត់ចូលទ្វីបអឺរ៉ុប ដើម្បីចាប់ផ្តើមជីវិតថ្មីជាពិសេសអ្នកដែលរត់គេចពីសង្គ្រាម និងការធ្វើទុក្ខបុកម្នេញ។

កាលពីដើមឆ្នាំនេះ ប្រទេសនេះបានបើកទ្វាររបស់ខ្លួនចំពោះជនចំណាកស្រុកមិនទៀងទាត់ដែលកំពុងស្វែងរកអឺរ៉ុប ហើយរងការចោទប្រកាន់សហភាពអឺរ៉ុបថា មិនបានរក្សាការសន្យារបស់ខ្លួនក្រោមកិច្ចព្រមព្រៀងជនអន្តោប្រវេសន៍ឆ្នាំ២០១៦។

ប្រទេសតួកគីបានថ្កោលទោសម្តងហើយម្តងទៀតចំពោះការអនុវត្តខុសច្បាប់របស់ប្រទេសក្រិកក្នុងការរុញច្រានអ្នកស្វែងរកសិទ្ធិជ្រកកោនដោយនិយាយថា វាជាការរំលោភលើតម្លៃមនុស្សធម៌និងច្បាប់អន្តរជាតិ ដោយបង្កគ្រោះថ្នាក់ដល់ជីវិតរបស់ជនចំណាកស្រុកងាយរងគ្រោះរួមទាំងស្ត្រីនិងកុមារទៀតផង៕

អ្នកប្រែសម្រួល៖ ឱក សុវណ្ណារ័ត្ន

ប្រភពព័ត៌មានពី Anadolu Agency ចេញផ្សាយថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here