ហេតុការណ៍ផ្ទុះគ្រាប់បែកនៅតាមដងផ្លូវបានកើតឡើងលើក្បួនដឹកទំនិញនៅភាគខាងជើងរដ្ឋធានីបាដាដក្នុងប្រទេសអ៊ីរ៉ាក់។
យោងតាមប្រភពព័ត៌មានពីមន្ត្រីក្រសួងមហាផ្ទៃអ៊ីរ៉ាក់និយាយថា គ្រាប់បែកនៅតាមដងផ្លូវផ្ទុះឡើងនៅថ្ងៃអាទិត្យនៅក្បែរក្បួនរថយន្តដឹកទំនិញដែលជាកម្មសិទ្ធិរបស់កងទ័ពសហរដ្ឋអាមេរិកនៅភាគខាងជើង រដ្ឋធានីបាកដាដក្នុងប្រទេសអ៊ីរ៉ាក់។
ប្រភពដដែលសុំមិនបញ្ចេញឈ្មោះបន្តឲ្យដឹងថា ហេតុការណ៍ផ្ទុះនោះកើតឡើងពេលល្ងាច នៅពេលដែលក្បួនរថយន្តកំពុងធ្វើដំណើរនៅតំបន់ Taji ចម្ងាយប្រហែល ២០គីឡូម៉ែត្រពីភាគខាងជើងក្រុងបាកដាដ ដោយបន្សល់ទុកនូវការ ខូចខាតបន្តិចបន្តួច។
ពុំទាន់មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ ប៉ុន្តែក្រុមសកម្មប្រយុទ្ធដែលមិនស្គាល់អត្តសញ្ញាណធ្លាប់ធ្វើការវាយប្រហារកំណត់គោលដៅជាញឹកញាប់លើក្បួនរថយន្តស៊ីវិល ដែលបានចុះកិច្ចសន្យាជាមួយកងកម្លាំងចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់។ ធម្មតាក្បួនរថយន្តនោះធ្វើដំណើរពីប្រទេសកូវ៉ែតទៅមូលដ្ឋានទ័ពចម្រុះនៅភាគកណ្តាល និងភាគខាងជើងប្រទេសអ៊ីរ៉ាក់។
មុនហេតុការណ៍នោះផងដែរ ប្រភព JOC បញ្ចាក់ថា កងកម្លាំងចម្រុះអន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិកដែលមានភារកិច្ចប្រយុទ្ធជាមួយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) បានប្រគល់មូលដ្ឋានយោធាមួយនៅជំរំ Taji នៅភាគខាងជើងទីក្រុងបាកដាដទៅឱ្យកងកម្លាំងអ៊ីរ៉ាក់គ្រប់គ្រង។
គួររំលឹកផងដែរថា ការវាយប្រហារនោះបានកើតឡើងនៅពេលដែលទំនាក់ទំនងរវាងប្រទេសអ៊ីរ៉ាក់ និងសហរដ្ឋអាមេរិកជួបប្រទះនឹងភាពតានតឹងចាប់តាំងពីថ្ងៃទី០៣ ខែមករាមក ដោយសារតែយន្តហោះគ្មានមនុស្សបើករបស់សហរដ្ឋអាមេរិកបានវាយប្រហារលើក្បួនរថយន្តមួយនៅឯព្រលានយន្តហោះនៅក្នុងទីក្រុងបាកដាដសម្លាប់មេបញ្ជាការកងកម្លាំងឆត្រយោងនៃក្រុមឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់លោក Qassem Soleimani និងលោក Abu Mahdi al-Muhandis នាយរងសេនាធិការកងទ័ពប៉ារ៉ាស្ថានក្នុងប្រទេសអ៊ីរ៉ាក់។
កងកម្លាំងទ័ពសហរដ្ឋអាមេរិកមានចំនួនច្រើនជាង ៥០០០នាក់ត្រូវគេដាក់ពង្រាយនៅក្នុងប្រទេសអ៊ីរ៉ាក់ដើម្បីគាំទ្រដល់កងកម្លាំងអ៊ីរ៉ាក់ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធ IS ដែលភាគច្រើនពួកគេផ្តល់ការបណ្តុះបណ្តាល និងផ្តល់យោបល់។
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ផ្សាយថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០