មនុស្ស​ចំនួន ១០នាក់​ជាប់ចោទ​ពីបទ​បង្ក​បទល្មើស ខណៈ​មានការ​ស៊ើបអង្កេត​លើ​ក្រុម IRA ថ្មី

0

ប៉ូលិស​អៀរ​ឡង់​ខាងជើង​និយាយ​នៅ​ថ្ងៃ​ចន្ទ​ថា មនុស្ស​ចំនួន១០នាក់​ត្រូវបាន​ចាប់ខ្លួន​នៅ​សប្តាហ៍​មុន ក្នុងការ​ស៊ើបអង្កេត​មួយ​លើ​ក្រុម IRA ថ្មី​ពីបទ​ល្មើស​មួយចំនួន​ទាក់ទង​នឹង​ការដឹកនាំ​អំពើរ​ភេរវកម្ម និង​ការ​សមគំនិត​ក្នុងការ​គ្រប់គ្រង​អាវុធជាតិផ្ទុះ។

ក្រុម IRA ថ្មី ជា​ក្រុម​សកម្មប្រយុទ្ធ​មួយក្រុម​តូច​ដែល​បានធ្វើការ​ប្រឆាំងនឹង​កិច្ចព្រមព្រៀង​សន្តិភាព​អៀរ​ឡង់​ខាងជើង​ឆ្នាំ១៩៩៨ ហើយ​ពួកគេ​ស្ថិតនៅ​ពីក្រោយ​ការវាយប្រហារ​មួយចំនួន ដោយ​ក្នុងនោះ​រួមមាន​ទាំង​ការសម្លាប់​អ្នកកាសែត​លោក Lyra McKee នៅ​ឆ្នាំមុន។

មនុស្ស​ចំនួន ១០នាក់ មាន​បុរស​ចំនួន៨នាក់ និង​ស្ត្រី​ចំនួន២នាក់​ជាប់ចោទ​លើ​បទល្មើស​សរុប​ចំនួន៣៩ករណី ដោយ​នោះ​ជា​លទ្ធផល​នៃ​ការស៊ើបអង្កេត និង​ទទួលបាន​ការសម្របសម្រួល​ពី​មន្ត្រីប៉ូលិស​នៅក្នុង​ប្រទេស​ស្កុ​ត​ឡេ​ន ប្រទេស​អៀរ​ឡង់ និង​ចក្រភព​អង់គ្លេស ដែល​ទទួលបាន​ជំនួយ​ពី​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ក្នុងស្រុក MI5 របស់​អង់គ្លេស។

ក្រុម IRA ថ្មី​មាន​ទំហំ​តូច​ជាង​កងកម្លាំង​ទ័ព​សាធារណរដ្ឋ​អៀរ​ឡង់ (IRA) ដែល​ត្រូវគេ​ដកហូត​អាវុធ ក្រោយពី​កិច្ចព្រមព្រៀង​សន្តិភាព​បានបញ្ចប់​ជម្លោះ​រយៈពេល៣ទសវត្ស​រវាង​អ្នកគាំទ្រ​បាតុកម្ម​ឲ្យ​មាន​ការបន្ត​គ្រប់គ្រង​ទឹកដី​ពី​ចក្រភព​អង់គ្លេស​ជាមួយនឹង​អ្នក​កាន់សាសនា​កាតូលិក​ដែលមាន​សាម​ង្គី​ភាពជា​មួយ​សាធារណរដ្ឋ​អៀរ​ឡង់។

គួរ​រំលឹក​ផងដែរ​ថា ក្រុម​នេះ​ត្រូវបាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ២០១២ ក្រោយពី​ក្រុម​សកម្មប្រយុទ្ធ​ជាតិនិយមសំខាន់ៗចំនួន៣ ក្នុងចំណោម៤ក្រុម បាន​រួបរួម​បញ្ចូល​គ្នា​ជា​លើកដំបូង ចាប់តាំងពី​មាន​កិច្ចព្រមព្រៀង​សន្តិភាព តែ​ទោះជា​យ៉ាងណា​ក្រុម​ជាតិនិយម​ខុសគ្នា​ភាគច្រើន​នៅតែមាន​ចេតនា​បង្ក​អំពើ​ហឹ​ង្សា​ក្រោម​ការដឹកនាំ​តែមួយ។ ក្រុម​នោះ​ថែមទាំង​ធ្លាប់​អះអាង​ទទួលខុសត្រូវ​ផងដែរ​ចំពោះ​ការសម្លាប់​ពីរ​ករណី​លើ​មន្ត្រី​ពន្ធនាគារ​ចំនួន​ពីរ​នាក់។

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Reuters ផ្សាយ​ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here