រ៉ុក្កែត​ចំនួន០៣គ្រាប់​វាយប្រហារ​លើ​តំបន់​បៃតង​ក្នុង​ទីក្រុង​បា​កដាដ​នៅ​ប្រទេស​អ៊ីរ៉ាក់

0

យោធា​អ៊ីរ៉ាក់​បាន​និយាយថា នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២៧ ខែសីហា ម្សិលមិញ​នេះ មាន​គ្រាប់រ៉ុក្កែត Katyusha ចំនួន០៣ គ្រាប់​ធ្លាក់ចំ​តំបន់​បៃតង ដែលជា​តំបន់​ទ​ទួន​មាន​កិច្ចការពារ​យ៉ាងខ្លាំង​នៅក្នុង​រដ្ឋធានី​អ៊ីរ៉ាក់។ ការវាយប្រហារ​នេះ​មិនបាន​បណ្តាលឱ្យមាន​មនុស្ស​រងគ្រោះ​នោះទេ។

ការិយាល័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​បញ្ជាការ​ប្រតិបត្តិការ​ចម្រុះ​អ៊ីរ៉ាក់ (JOC) បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ខ្លី​មួយ​ថា គ្រាប់​រ៉ុក្កែត​ត្រូវគេ​បាញ់​ចេញពី​តំបន់ al-Bejiyah នៅ​ភាគ​ខាងលិច​ទីក្រុង​បា​កដាដ​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍ ហើយ​គ្រាប់​ទាំងនោះ​ធ្លា​ក់នៅ​តំបន់​បៃតង។

សេចក្តីថ្លែងការណ៍​បាន​បន្ថែមថា គ្រាប់​រ៉ុក្កែត​ទាំងនោះ​មិន​បណ្តាលឱ្យមាន​មនុស្ស​ស្លាប់​និង​របួស​ឡើយ​នៅពេលដែល​គ្រាប់​ទាំង​នោះបាន​ធ្លាក់​នៅលើ​វាល​ទំនេរ​មួយ​នៅក្នុង​តំបន់។

រហូតមកដល់​ពេលនេះ​ពុំទាន់​មាន​ក្រុម​ណាមួយ​ចេញមុខ​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​នេះ​នៅឡើយ​ទេ។ សូមបញ្ជាក់ថា មូលដ្ឋាន​យោធា​មាន​ទីស្នាក់ការ​កងទ័ព​សហរដ្ឋអាមេរិក​នៅ​ទូទាំងប្រទេស​អ៊ីរ៉ាក់ និង​តំបន់​បៃតង​ក្នុង​ទីក្រុង​បា​កដាដ​រង​ការវាយប្រហារ​ជា​ញឹកញាប់​ពី​កាំភ្លើង​ធំ និង​គ្រាប់​រ៉ុក្កែត។

គួរ​រំលឹក​ផងដែរ​ថា  ប្រទេស​អ៊ីរ៉ាក់ និង​សហរដ្ឋអាមេរិក​ជួបប្រទះ​នឹង​ភាព​តានតឹង​ចាប់តាំងពី​ថ្ងៃទី០៣ ខែមករា​មក ដោយសារតែ​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​សហរដ្ឋអាមេរិក​បាន​វាយប្រហារ​លើ​ក្បួន​រថយន្ត​មួយ​នៅឯ​ព្រលានយន្តហោះ​នៅក្នុង​ទីក្រុង​បា​កដាដ​សម្លាប់​មេបញ្ជាការ​កងកម្លាំង​ឆត្រយោង​នៃ​ក្រុម​ឆ្មាំ​បដិវត្ត​អ៊ីស្លាម​អ៊ីរ៉ង់​លោក Qassem Soleimani និង​លោក Abu Mahdi al-Muhandis នាយរង​សេនាធិការ​កងទ័ព​ប៉ា​រ៉ា​ស្ថាន​ក្នុងប្រទេស​អ៊ីរ៉ាក់។

ការវាយប្រហារ​តាម​អាកាស​របស់​សហរដ្ឋអាមេរិក​បាន​ជម្រុញ​ឲ្យ​សភា​អ៊ីរ៉ាក់​នៅ​ថ្ងៃទី៥ ខែមករា ធ្វើការ​អនុម័ត​ដំណោះស្រាយ​មួយ​ដោយ​តម្រូវ​ឲ្យ​រដ្ឋាភិបាល​បញ្ចប់​វត្តមាន​របស់​កងកម្លាំង​បរទេស​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់។

កងកម្លាំង​ទ័ព​សហរដ្ឋអាមេរិក​មាន​ចំនួន​ច្រើនជាង៥០០០នាក់​ត្រូវគេ​ដាក់ពង្រាយ​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​ដើម្បី​គាំទ្រ​ដល់​កងកម្លាំង​អ៊ីរ៉ាក់​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ក្រុម​សកម្មប្រយុទ្ធ IS ដែល​ភាគច្រើន​ពួកគេ​ផ្តល់​ការបណ្តុះបណ្តាល និង​ផ្តល់យោបល់។

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ផ្សាយ​ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here