ទីបំផុត ក្រុម​ឧទ្ទាម​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​រដ្ឋាភិបាល​ស៊ូដង់​បញ្ចប់​ជម្លោះ​ដែលមាន​រយៈពេល១៧ឆ្នាំ

0

រដ្ឋាភិបាល​ស៊ូដង់ និង​ក្រុម​ឧទ្ទាមធំៗបាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព។ គេ​សង្ឃឹមថា កិច្ចព្រមព្រៀង​នេះ​នឹង​បញ្ចប់​ជម្លោះ​ប្រដាប់អាវុធ​ដែល​អូសបន្លាយ និង​សម្លាប់​មនុស្ស​ប្រមាណ៣០ម៉ឺន​នាក់​នៅក្នុង​ប្រទេស​អាហ្វ្រិក។

ពិធី​ចុះហត្ថលេខា​នៅ​រដ្ឋធានី Juba ក្នុងប្រទេស​ស៊ូដង់​ខាងត្បូង ធ្វើឡើង​នៅ​ថ្ងៃ​ចន្ទ ក្រោយពី​មានការ​ពិនិត្យ​លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង​អស់​រយៈពេល​ពីរ​ថ្ងៃ។ ប្រទេស​ដែលជា​ម្ចាស់ផ្ទះ​បាន​ជួយ​សម្របសម្រួល​ដល់​កិច្ចចរចា​សន្តិភាព។

កិច្ចព្រមព្រៀង​សន្តិភាព​គ្របដណ្តប់​លើ​បញ្ហាធំៗដូចជា​បញ្ហា​សន្តិសុខ កម្មសិទ្ធិ​ដីធ្លី ការចែក​អំណាច និង​ការផ្តល់​សិទ្ធិ​ដល់​ជនភៀសខ្លួន។ មនុស្ស​ប្រហែលជា​ចំនួន ២,៥លាន​នាក់​បាន​ផ្លាស់​ទីលំនៅ ចាប់តាំងពី​មាន​ជម្លោះ​រវាង​កងទ័ព​រដ្ឋា​ភិ​បាល​អារ៉ាប់ និង​ក្រុម​ឧទ្ទាម​មិនមែន​អារ៉ាប់​នៅ​ភាគ​ខាងលិច​តំបន់ Darfur ដែល​បាន​ផ្ទុះឡើង​ក្នុង​ឆ្នាំ២០០៣ ។ មនុស្ស​ប្រមាណ៣០ម៉ឺន​នាក់​ត្រូវបាន​សម្លាប់​ក្នុងពេល​ប្រយុទ្ធ​គ្នា។

សម្ព័ន្ធ​ឧទ្ទាម​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ​រួមមាន​ក្រុម​ឧទ្ទាម​មកពី​តំបន់ Kordofan និង Blue Nile ដែលមាន​ជាប់ទាក់ទង​នឹង​សង្គ្រាមស៊ីវិល​ធំ​មួយ​នៅក្នុង​ប្រទេស​ស៊ូដង់។ ខេត្ត​ទាំងនោះ​នៅតែ​ស្ថិតនៅក្រោម​អធិបតេយ្យភាព​របស់រ​ដ្ឋា​ភិ​បាល​ស៊ូដង់​នៅពេលដែល​តំបន់​មិនមែនជា​ផ្នែក​របស់​ប្រទេស​អារ៉ាប់​បាន​បែកបាក់​ក្នុង​ឆ្នាំ២០១១ ដើម្បី​បង្កើត​ប្រទេស​ស៊ូដង់​ខាងត្បូង​ដែលមាន​អធិបតេយ្យភាព។

កិច្ចចរចា​សន្តិភាព​អាចធ្វើ​ទៅបាន​ដោយសារ​ការដួលរលំរ​បស់​មេដឹកនាំ​ដ៏​យូរអង្វែង​របស់​ប្រទេស​ស៊ូដង់​លោក Omar al-Bashir ដោយ​លោក​ត្រូវគេ​បណ្តេញ​ចេញពី​តំណែង​នៅ​ខែមេសា​ឆ្នាំមុន ក្រោយពី​លោក​បាន​កាន់អំណាច​អស់​រយៈពេល​ពីរ​ទសវត្ស​រ៍។ រដ្ឋាភិបាល​អន្តរកាល​បានធ្វើ​ការចរចា​ជាមួយ​ក្រុម​ឧទ្ទាម​ជា​កិច្ចការ​អាទិភាព​មួយ​ក្នុងចំណោម​អាទិភាព​នានា​របស់ខ្លួន។

ពីមុនមក​មានការ​ប៉ុនប៉ង​បញ្ចប់​ជម្លោះ​នៅ​ប្រទេស​ស៊ូដង់​ដោយមាន​កិច្ចព្រមព្រៀង​សន្តិភាព​មួយ​ត្រូវបាន​ចុះហត្ថលេខា​នៅ​ប្រទេស​នី​ហ្សេ​រី​យ៉ា​ក្នុង​ឆ្នាំ២០០៦ និង​មួយ​ផ្សេងទៀត​នៅ​ប្រទេស​កាតា​ក្នុង​ឆ្នាំ២០១០ ដែល​ក្រោយមក​កិច្ចព្រមព្រៀង​ទាំងពីរ​នោះបាន​បរាជ័យ។

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន RT ផ្សាយ​ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here