មន្ត្រីនិយាយនៅថ្ងៃចន្ទថា យ៉ាងហោចណាស់មានយុទ្ធជនចំនួន៤០នាក់ ដែលភាគច្រើនគឺជាក្រុមសកម្មប្រយុទ្ធត្រូវបានសម្លាប់នៅទូទាំងប្រទេសអាហ្វហ្គានីស្ថានត្រឹមរយៈពេល២៤ម៉ោង ខណៈដែលរដ្ឋាភិបាលអាហ្វហ្គានីស្ថានបានខ្នះខ្នែងជម្រុញឱ្យមានកិច្ចចរចាជាមួយក្រុមតាលីបង់ដើម្បីបញ្ចប់សង្គ្រាម។
អភិបាលស្រុកលោក Mahboubullah Sayedi មានប្រសាសន៍ថា នៅក្នុងរលកអំពើរហិង្សាចុងក្រោយ សមាជិកក្រុមសកម្មប្រយុទ្ធចំនួន៥នាក់ត្រូវបានសម្លាប់នៅនឹងកន្លែងដោយយន្តហោះយោធាបានធ្វើការវាយប្រហារលើកន្លែងលាក់ខ្លួនរបស់ក្រុមតាលីបង់នៅក្នុងស្រុក Imam Sahib នៃភាគខាងជើងខេត្ត Kunduz នៅថ្ងៃចន្ទ ទី៣១ ម្សិលមិញ។
ប្រភពមន្ត្រីបានឲ្យដឹងថា កងកម្លាំងរដ្ឋាភិបាលបានធ្វើដំណើរឆ្ពោះទៅស្រុក Imam Sahib និងបង្ក្រាបក្រុមបះបោរនៅក្នុងស្រុករយៈពេលពីរថ្ងៃកន្លងមកនេះ។
អ្នកនាំពាក្យលោក Mohammad Karim Yurash ប្រាប់ថា គេក៏បានបង្ក្រាបសកម្មប្រយុទ្ធពីភូមិសរុបចំនួន៣៧ភូមិនៅក្នុងស្រុក Andkhoi, ស្រុក Qargan និងស្រុក Khawja Sabzposh នៅភាគខាងជើងខេត្ត Faryab ក្នុងរយៈពេល ២៤ ម៉ោង ដោយប្រតិបត្តិការនេះបានបង្ខំឲ្យយុទ្ធជនតាលីបង់ដកថយ និងបន្សល់ទុកនូវសាកសពចំនួន១៨នាក់ និងបណ្តាលឲ្យអ្នកប្រយុទ្ធចំនួន ១០នាក់រងរបួស។
យោងតាមប្រភពមន្ត្រីសន្តិសុខក្នុងតំបន់បានឲ្យដឹងថា យ៉ាងហោចណាស់អ្នកប្រយុទ្ធចំនួន១៧នាក់ផ្សេងទៀតរួមមានបុគ្គលិកសន្តិសុខអាហ្វហ្គានីស្ថានចំនួន០៦នាក់ និងក្រុមឧទ្ទាមតាលីបង់ចំនួន១១ នាក់ត្រូវបានសម្លាប់នៅក្នុងរយៈពេល ២៤ម៉ោង។
ការប្រយុទ្ធបាន និងកំពុងកើតមានជាបន្តបន្ទាប់នៅពេលដែលមានកិច្ចខិតខំប្រឹងប្រែងដើម្បីអាចនាំឱ្យរដ្ឋាភិបាល និងក្រុមតាលីបង់អាចឈានដល់តុចរចា។ ប្រធានាធិបតីអាហ្វហ្គានីស្ថានលោក Mohammad Ashraf Ghani ជាអ្នកប្រកាសក្រុមប្រឹក្សាជាន់ខ្ពស់ដើម្បីបង្រួបបង្រួមជាតិដែលមានសមាជិកចំនួន៤៦នាក់ដឹកនាំដោយលោក Abdullah Abdullah សម្រាប់កិច្ចពិភាក្សាជាមួយក្រុមតាលីបង់មានប្រសាសន៍ថា រដ្ឋាភិបាលរបស់លោកចង់ទទួលបាននូវសន្តិភាពយូរអង្វែងត្រលប់មកវិញនៅក្នុងប្រទេស។
ប្រធានក្រុមប្រឹក្សាជាន់ខ្ពស់សម្រាប់ការផ្សះផ្សារជាតិលោក Abdullah Abdullah មានប្រសាសន៍ថា លោកសង្ឃឹមថា កិច្ចចរចាសន្តិភាពជាមួយក្រុមតាលីបង់នឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ។ លោកក៏បន្ថែមផងដែរថា រដ្ឋាភិបាលកំពុងជម្រុញឱ្យមានកិច្ចពិភាក្សាជាមួយក្រុមតាលីបង់ដើម្បីរកដំណោះស្រាយជាអចិន្ត្រៃយ៍ចំពោះវិបត្តិដែលកំពុងកើតមាន។
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ផ្សាយថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០