អ្នកឃ្លាំមើលសង្គ្រាមរាយការណ៍នៅថ្ងៃអង្គារ ទី៣១ ខែសីហាថា មនុស្សសរុបចំនួន១១នាក់ដែលភាគច្រើនជាបុគ្គលិកយោធាស្លាប់ក្នុងការវាយប្រហារមីស៊ីលរបស់អ៊ីស្រាអែលនៅពេលយប់ទៅលើរដ្ឋធានីដាម៉ាស (Damascus) និងខេត្តដារ៉ា (Daraa) នៅភាគខាងត្បូងប្រទេសស៊ីរី។
ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សនិយាយថា អ្នកស្លាប់ទាំងនោះរួមមានទាហានស៊ីរីចំនួន៣នាក់ អ្នកប្រយុទ្ធគាំទ្រអ៊ីរ៉ង់ចំនួន៧នាក់ និងជនស៊ីវិលចំនួន១នាក់។ ពួកគេស្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលទៅលើជំរំមួយរបស់ក្រុមអ្នកប្រយុទ្ធគាំទ្រអ៊ីរ៉ង់នៅជិតអាកាសយានដ្ឋានអន្តរជាតិក្រុងដាម៉ាស និងនៅក្នុងតំបន់ Kiswah ភាគខាងត្បូងនៃក្រុងដាម៉ាស និងលើកងវរសេនាតូចការពារដែនអាកាសនៅក្នុងខេត្តដារ៉ា។
ភ្នាក់ងារសារព័ត៌មានរដ្ឋសាណាបានចុះផ្សាយថា ទាហានស៊ីរីចំនួន២នាក់ស្លាប់ និងចំនួន៧នាក់ផ្សេងទៀតរងរបួសដោយសារតែការវាយប្រហារពីមីស៊ីលរបស់អ៊ីស្រាអែល ដោយការវាយប្រហារនោះកំណត់គោលដៅលើទីតាំងយោធានៅភាគខាងត្បូងនៃរដ្ឋធានីដាម៉ាស។
យោងតាមការដកស្រង់សេចក្តីថ្លែងការណ៍យោធាបានឲ្យដឹងថា ការវាយប្រហារនោះអនុវត្តចេញពីតំបន់ខ្ពង់រាប Golan Heights ដែលកាន់កាប់ដោយអ៊ីស្រាអែល។ ប្រភពបន្តថា ប្រព័ន្ធការពារដែនអាកាសរបស់ស៊ីរីបានស្ទាក់ចាប់មីស៊ីលជាច្រើនមុនពេលគ្រាប់ម៉ីស៊ីលទាំងនោះបានហោះទៅដល់គោលដៅ។
សូមរំលឹកផងដែរថា ដោយសារតែមានវិបត្តិនៅក្នុងប្រទេសស៊ីរី កងកម្លាំងអ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសចំនួនរាប់រយលើកប្រឆាំងនឹងគោលដៅអ៊ីរ៉ង់នៅក្នុងប្រទេសស៊ីរីក៏ដូចជាវាយប្រហារលើក្បួនដឹកជញ្ជូនអាវុធទៅកាន់ក្រុមសកម្មប្រយុទ្ធស៊ីអ៊ីត (Shiite) ហេសបូឡា (Hezbollah) ដែលជាកងជីវពលលីបង់ ហើយអ៊ីស្រាអែលចោទប្រកាន់ថាក្រុមសកម្មប្រយុទ្ធមានការគាំទ្រពីអ៊ីរ៉ង់។
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ផ្សាយថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០