ប្រទេស​កេ​ន​យ៉ា​ដាក់ឈ្មោះ​អ្នកគាំទ្រ​ហិរញ្ញប្បទាន​ភេរវកម្ម​ចំនួន៩នាក់ ដោយ​ធ្វើការ​បង្កក​ទ្រព្យសម្បត្តិ

0

ប្រទេស​អាហ្វ្រិក​ភាគ​ខាងកើត​ប្តេជ្ញា “រាំងស្ទះ” រាល់​មធ្យោបាយ​ហិរញ្ញវត្ថុ​ទាំងអស់ ដែល​គាំទ្រ​ក្រុម​ភេរវកម្ម​អាល់​កៃ​ដា​ដែល​ជាប់ទាក់ទង​នឹង​ក្រុម​ភេរវកម្ម​អាល់​សា​បាប។

ក្រសួងមហាផ្ទៃ​របស់​ប្រទេស​កេ​ន​យ៉ា​កាលពី​ថ្ងៃ​ពុធ បានដាក់​ឈ្មោះ​ភេរវជនកំពូលៗ ចំនួន៩នៃ​សកម្មភាព​ភេរវកម្ម​ដែល​បាន​អនុវត្ត​ដោយ​អាល់​កៃ​ដា​ដែលមាន​មូលដ្ឋាន​នៅ​សូ​ម៉ាលី ដែល​ជាប់ទាក់ទង​នឹង​ក្រុម​សកម្មប្រយុទ្ធ​អាល់​សា​បាប។

នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​លោក Fred Matiang’I បាន​ដឹកនាំ​ការ​រឹបអូស​ទ្រព្យសម្បត្តិ​ទាំងអស់ និង​ថវិកា​ដែល​ទុក​សម្រាប់​គាំទ្រ​ក្រុម​សកម្មប្រយុទ្ធ​អាល់​សា​បាប ដែល​បង្ក​ការបំផ្លិចបំផ្លាញ​នៅ​អាហ្វ្រិក​ខាងកើត បណ្តាលឱ្យមាន​មនុស្ស​រាប់ពាន់នាក់​ស្លាប់ និង​ការបំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ។

ទូរទស្សន៍​ពលរដ្ឋ​កេ​ន​យ៉ា​បាន​ដកស្រង់​សំដី​របស់លោក Matiang’I ដែល​និយាយថា “វិធី​តែមួយគត់​ដើម្បី​បដិសេធ​ភេរវ​ករ​នូវ​មធ្យោបាយ ដើម្បី​គំរាមកំហែង​ដល់​ជីវិត​រស់នៅ គឺ​ការបិទ​បណ្តាញ​សម្របសម្រួល​របស់​ពួកគេ និង​នេះ​ជា​មូល​ហេតុដែល​ខ្ញុំ​បាន​ចុះផ្សាយ​បញ្ជី​ខាងលើ​ដូច្នេះ​ពួកគេ​មិនអាច​ផ្តល់​ហិរញ្ញប្បទាន​ដល់​ប្រតិបត្តិការ​របស់​អាល់​សា​បាប​នៅក្នុង​ព្រំដែន​របស់​យើង​ទេ”

ជនជាប់ចោទ​ទាំងនោះ​រួមមាន Halima Adan Ali, Waleed Ahmed Zein, Sheikh Guyo Gorsa Boru, Mohammed Abdi Ali (Abu Fidaa), Nuseiba Mohammed Haji, Abdimajit Adan Hassan, Mohammed Ali Abdi, Muktar Ibrahim Ali និង Mire Abdullahi Elmi ។

ប្រទេស​កេ​ន​យ៉ា​ចូលរួមចំណែក​ជួយ​ដល់​បេសកកម្ម​រក្សា​សន្តិភាព​របស់​សហភាព​អាហ្វ្រិក​នៅ​ប្រទេស​សូ​ម៉ាលី ដែល​បណ្តាលឱ្យ​ក្រុម​សកម្មប្រយុទ្ធ​អាល់​សា​បាប​ចុះខ្សោយ ក្នុងការ​ផ្តួលរំលំ​រដ្ឋា​ភិ​បាល​សូ​ម៉ាលី​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមកនេះ។

ក្រុម​សកម្មប្រយុទ្ធ​អាល់​សា​បាប​បាន​ប្តេជ្ញា​អនុវត្ត​ការវាយប្រហារ​ភេរវកម្ម នៅក្នុង​ប្រទេស​កេ​ន​យ៉ា​រហូតដល់​កេ​ន​យ៉ា​ដក​ទាហាន​របស់ខ្លួន​ចេញពី​ប្រទេស​សូ​ម៉ាលី។ ក្នុង​ឆ្នាំ២០១៥ និស្សិត​សាកលវិទ្យាល័យ​ជាង១៤០នាក់ ត្រូវ​សម្លាប់ ក្នុងការ​វាយប្រហារ​នៅក្នុង​ប្រទេស​កេ​ន​យ៉ា៕

អ្នក​ប្រែ​សម្រួល៖ ឱក សុ​វណ្ណា​រ័ត្ន
ប្រភពព័ត៌មាន​ពី Anadolu Agency ចេញផ្សាយ​ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here