កងកម្លាំង​រដ្ឋាភិបាល​សម្លាប់​សមាជិក Houthi នៅ​ខេត្ត Dhalea ប្រទេស​យេ​ម៉ែន

0

មន្ត្រី​យោធា​ប្រាប់​បណ្តាញសារព័ត៌មាន​ថា កងកម្លាំង​ស្មោះត្រង់​នឹង​រដ្ឋាភិបាល​យេ​ម៉ែន​សម្លាប់​សមាជិក​ឈានមុខ​ម្នាក់​របស់​ក្រុម​ឧទ្ទាម Houthi នៅ​ភាគខាងត្បូង​ខេត្ត Dhalea នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី០៣ ខែកញ្ញា ម្សិលមិញ​នេះ។

ប្រភព​យោធា​ក្នុង​តំបន់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយថា៖ “មេបញ្ជាការ​មូលដ្ឋាន​ម្នាក់​រួមជាមួយ​អង្គរក្ស​របស់គាត់​ត្រូវ​សមត្ថកិច្ច​សម្លាប់​ក្នុងពេល​ប្រឈមមុខ​ដាក់គ្នា​ជាមួយ​កងកម្លាំង​រដ្ឋាភិបាល​នៅ​ភាគ​ខាងជើង​ខេត្ត Dhalea” ប្រភព​បន្ថែមថា “ក្រុម​ឧទ្ទាម Houthi ដាក់ពង្រាយ​យុទ្ធជន​របស់ខ្លួន​ក្នុង​គោលបំណង​ដើម្បីដណ្តើម​ការកាន់កាប់​តំបន់​នានា​នៅ​ភាគ​ខាងជើង​ខេត្ត Dhalea” លោក​បញ្ជាក់ថា “កងកម្លាំង​រដ្ឋាភិបាល​បាន​បង្ក្រាប​លើ​ក្រុម​ឧទ្ទាម Houthis ដោយ​សម្លាប់​សមាជិក​ឧទ្ទាម​នាំមុខ​ម្នាក់ និង​អង្គរក្ស​របស់គាត់​ចំនួន០៤នាក់​ក្នុងពេល​ប្រយុទ្ធ​គ្នា” ។

អ្នកស្រុក​បាន​ប្រាប់​ភ្នាក់ងារ​សារព័ត៌មាន​ថា មានការ​ប្រយុទ្ធ​គ្នា​កាន់តែខ្លាំង​នាពេលថ្មីៗនេះ​រវាង​គូប្រជែង​សង្គ្រាម​ទាំងពីរ​លើ​ការគ្រប់គ្រង​តំបន់សំខាន់ៗនៅ​ភាគ​ខាងជើង​នៃ​ទីក្រុង Dhalea។ គ្រាប់កាំភ្លើង​ធំ​មួយចំនួន​បាន​ធ្លាក់​នៅលើផ្ទះ​ប្រជាជន ដែល​វា​ជា​លទ្ធផល​នៃ​ការប្រយុទ្ធ​គ្នា​នៅ​ទីនោះ។

គួរ​រំលឹក​ផងដែរ​ថា នៅ​ឆ្នាំមុន យុទ្ធជន Houthi ដែលជា​សម្ព័ន្ធមិត្ត​រប​ស់​អ៊ីរ៉ង់​បាន​បើក​ការវាយប្រហារ​ប្រដាប់​ដោយ​អាវុធ​យ៉ាងខ្លាំង​ទៅលើ​ទីតាំង​របស់​កងកម្លាំង​រដ្ឋាភិបាល​យេ​ម៉ែន​និង​បាន​ជោគជ័យ​ក្នុងការ​ដណ្តើម​កាន់កាប់​លើ​តំបន់សំខាន់ៗនៅ​ជាយ​ខេត្ត Dhalea។

គេ​បន្ត​ឃើញ​មានការ​ប្រយុទ្ធ​គ្នា​ឥតឈប់ឈរ​នៅតាម​តំបន់​នានា​នៅ​ភាគ​ខាងជើង និង​ភាគ​ខាងលិច​នៃ​ទីក្រុង​Dhalea រវាង​កងកម្លាំង​រដ្ឋា​ភិ​បាល និង​ក្រុម​យុទ្ធជន Houthi អស់​រយៈពេល​ប្រហែល០៤ឆ្នាំ។

ប្រទេស​យេ​ម៉ែន​រង​ការ​ញាំញី​ពី​សង្គ្រាមស៊ីវិល​ចាប់តាំងពី​ចុងឆ្នាំ២០១៤ នៅពេលដែល​កងជីវពល Houthi បាន​បង្ខំ​រដ្ឋាភិបាល អន្តរជាតិ​ទទួលស្គាល់​ប្រធានាធិបតី​លោក Abd-Rabbu Mansour Hadi ឱ្យ​និរទេស​ខ្លួន៕

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយ​ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here