នៅថ្ងៃចន្ទ ទី០៧ ខែកញ្ញា យោធានីហ្សេរីយ៉ាបញ្ជាក់ឲ្យដឹងថា សមាជិកសកម្មប្រយុទ្ធចំនួន ៥នាក់ត្រូវគេសម្លាប់នៅក្នុងប្រតិបត្តិការប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធ Boko Haram នៅតំបន់ភាគឥសានរបស់ប្រទេសនីហ្សេរីយ៉ា។
នៅក្នុងសេចក្តីថ្លែងការណ៍មួយលោក John Enenche អ្នកនាំពាក្យយោធាបានឲ្យដឹងថាមនុស្សចំនួន០៧នាក់ដែលក្រុមសកម្មប្រយុទ្ធ Boko Haram ចាប់ខ្លួនទទួលបានការជួយសង្គ្រោះផងដែរក្នុងអំឡុងពេលប្រតិបត្តិការនៅថ្ងៃអាទិត្យ ទី០៦ ខែកញ្ញា នៅទីក្រុង Hamdaga Makaranta ក្នុងតំបន់រដ្ឋាភិបាល Gwoza នៅភាគខាងជើងនៃរដ្ឋ Borno។
លោក Enenche បន្ថែមថា ការទម្លាក់គ្រាប់បែកលើទីតាំងរបស់ក្រុមភេរវករនៅទីក្រុង Hamdaga Makaranta ធ្វើឡើងដោយអនុវត្តតាមព័ត៌មានសម្ងាត់គួរឱ្យទុកចិត្តតាមដានលើសកម្មភាពរបស់ភេរវករនៅក្នុងតំបន់។ លោកបន្ថែមថា សកម្មប្រយុទ្ធ Boko Haram ជាច្រើននាក់ផ្សេងទៀត បានរត់គេចខ្លួនដោយសារពួកគេរងរបួសពីគ្រាប់កាំភ្លើងនៅពេលដែលកងកម្លាំងទាហានបានធ្វើការបោសសំអាតនៅតាមតំបន់សំណង់ដាច់ស្រយាលចំនួន ០៩កន្លែង និងនៅលើដីស្រែចំការ ដែលគេសង្ស័យថា ដីចំការទាំងនោះជារបស់សកម្មប្រយុទ្ធនៅក្នុងតំបន់នោះ។
សូមរំលឹកផងដែរថា ក្រុមសកម្មប្រយុទ្ធ Boko Haram បានព្យាយាមបង្កើតរដ្ឋអ៊ីស្លាមមួយនៅភាគឥសាននៃប្រទេសនីហ្សេរីយ៉ាចាប់តាំងពីឆ្នាំ២០០៩មក ដោយពួកគេបានបង្កើនការវាយប្រហារទៅលើប្រទេសនានានៅតំបន់ Lake Chad Basin។
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០