កងជីវពល Houthi ក្នុងប្រទេសយេម៉ែននិយាយនៅថ្ងៃចន្ទ ទី១៤ ម្សិលមិញនេះថា កម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីតនៅក្នុងប្រទេសយេម៉ែនបានបើកការវាយប្រហារតាមអាកាសជាច្រើនលើកនៅលើទីតាំងយោធាក្នុងទីក្រុង Sanaa រយៈពេលបីថ្ងៃជាប់ៗគ្នា។
ទូរទស្សន៍ al-Masirah របស់កងជីវពលចុះផ្សាយថា ការវាយប្រហារតាមអាកាសនៅព្រឹកព្រលឹមថ្ងៃចន្ទបានកំណត់គោលដៅលើមូលដ្ឋានទ័ពអាកាសកងជីវពល al-Daylami និងជំរុំយោធា al-Sama’a នៅភាគខាងជើងនៃរដ្ឋធានី Sanaa ក៏ដូចជាជំរុំយោធា Raymat Hameed នៅភាគខាងត្បូងជាយក្រុង Sanaa ។
កងកម្លាំងចម្រុះមិនទាន់បានធ្វើសេចក្តីអត្ថាធិប្បាយនៅឡើយទេ។
នៅក្នុងរយៈពេលពីរថ្ងៃមុន ដែលត្រូវនឹងថ្ងៃសៅរ៍សប្តាហ៍មុន កងកម្លាំងចម្រុះនិយាយថា ពួកគេបានកំណត់គោលដៅទៅលើឃ្លាំងអាវុធ មីស៊ីល និងដ្រូនរបស់កងជីវពល Houthi នៅរដ្ឋធានី Sanaa។
ការវាយប្រហារតាមអាកាសបានកើតឡើងក្រោយពីកងជីវពល Houthi បង្កើនការវាយប្រហារដោយប្រើយន្តហោះដ្រូនឆ្លងកាត់ព្រំដែនទៅលើទីក្រុងអារ៉ាប៊ីសាអូឌីតក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។ សេចក្តីថ្លែងការណ៍របស់កម្លាំងចម្រុះបានបញ្ជាក់ថា ការវាយប្រហាររបស់ឧទ្ទាម Houthi ទាំងអស់ត្រូវបានស្ទាក់ចាប់។
សូមរំលឹកផងដែរថា ប្រទេសយេម៉ែនបានធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិលចាប់តាំងពីចុងឆ្នាំ២០១៤ នៅពេលដែលក្រុមឧទ្ទាម Houthi គាំទ្រដោយអ៊ីរ៉ង់បានកាន់កាប់តំបន់ជាច្រើននៅភាគខាងជើងប្រទេស និងបង្ខំឱ្យរដ្ឋាភិបាលដែលមានការទទួលស្គាល់ជាអន្តរជាតិលោក Abd-Rabbu Mansour Hadi ចាកចេញពីតំបន់ Sanaa។
កម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីតធ្វើអន្តរាគមន៍ជម្លោះក្នុងប្រទេសយេម៉ែននៅខែមីនា ឆ្នាំ២០១៥ ដើម្បីគាំទ្ររដ្ឋាភិបាល Hadi។
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua| ចុះផ្សាយថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០