នៅល្ងាចថ្ងៃចន្ទ ទី១៤ ខែកញ្ញា ហេតុការណ៍ផ្ទុះឧបករណ៍កែច្នៃមួយកើតឡើងនៅតំបន់ Bongongo ក្នុងប្រទេសកាមេរូន បណ្តាលឲ្យទាហានកាមេរូនចំនួន០២នាក់ និងជនស៊ីវិលចំនួន០១នាក់ស្លាប់។
មន្ត្រីរដ្ឋាភិបាលក្នុងតំបន់ប្រាប់ភ្នាក់ងារសារ័ត៌មានក្នុងលក្ខខណ្ឌអនាមិកថា ទាហានកំពុងល្បាតក្នុងភូមិនៅពេលឧបករណ៍កែច្នៃកប់តាមដងផ្លូវផ្ទុះឡើង។ ការផ្ទុះនេះបំផ្លាញយានយន្តយោធា និងសម្លាប់ទាហានចំនួន០២នាក់ និងជនស៊ីវិលចំនួន០១នាក់ រួមទាំង
បណ្តាលឲ្យជនស៊ីវិលចំនួន០១នាក់ទៀតរងរបួសនៅកន្លែងកើតហេតុ។
ក្រុមបំបែកខ្លួនប្រដាប់អាវុធដែលកំពុងប្រយុទ្ធដើម្បីបង្កើតប្រទេសឯករាជ្យមួយនៅក្នុងតំបន់ Anglophone ចំនួន០២ នៅភាគពាយព្យ និងនិរតីបានអះអាងទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកនៅតាមដងផ្លូវ។
សូមរំលឹកផងដែរថា កងកម្លាំងរដ្ឋាភិបាលកាមេរូនបានប៉ះទង្គិចគ្នាជាមួយក្រុមអ្នកប្រយុទ្ធបំបែកខ្លួនចាប់តាំងពីឆ្នាំ២០១៧ ។
របាយការណ៍សន្តិសុខបានឲ្យដឹងថា ស្ថានភាពសន្តិសុខនៅក្នុងតំបន់មានលក្ខណៈប្រសើរឡើងចាប់ពីដើមឆ្នាំមក ប៉ុន្តែការប៉ះទង្គិចគ្នារវាងកម្លាំងសន្តិសុខ និងក្រុមបំបែកខ្លួននៅតែបន្តកើតមានម្តងម្កាល។
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០